
កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ លោកយាយ ប៉ុយ យាវ បង្កើតសព លោក វឿន នី អតីតមន្ត្រីកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាតខ្លាំង ស្រុកសង្កែ ខេត្តបាត់ដំបង
កក្រក ៖ នៅរសៀលថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកយាយ ប៉ុយ យាវ អាយុ ៧៧ឆ្នាំ ត្រូវជាម្តាយបង្កើតសព លោក វឿន នី អតីតមន្ត្រីកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាតខ្លាំង ដោយ មានចៅនៅក្នុងបន្ទុកចំនួន៣នាក់ដែលត្រូវចិញ្ចឹម ស្ថិតនៅភូមិ ថ្មី ឃុំ កំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ចំពោះលោក យាយ ប៉ុយ យាវ ហេីយថ្វីបើអំណោយទាំងនេះបន្តិចបន្តួចក្តី តែអាចជួយសម្រាលការលំបាកផ្នែកជីវភាពបានមួយគ្រា និងសូមឱ្យលោកយាយថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ បន្ទាប់ពីទទួលដំណឹងថា លោកតា សុះ សេន អាយុ ៩៦ឆ្នាំ ត្រូវជាឪពុកបង្កើតសព លោក វឿន នី ដែលទើបតែទទួល មរណភាពកាលពីពេលថ្វីៗនេះ ឯកឧត្តម ក៏បានពាំនាំប្រសាសន៍ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
លោកយាយ ប៉ុយ យ៉ាវ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ច តែងគិតគូរពីការលំបាកបន្ទាប់ពីកូនរបស់គាត់ដែលបានស្លាប់ទៅដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ១០០គីឡូក្រាម មី ៤កេស ត្រីខ ៤០កំប៉ុង ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី ២យួរ ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ២កញ្ចប់ និងថវិកា ១០លានរៀល៕