• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

កក្រក ៖ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយទឹកជំនន់ នៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង និងជនងាយរងគ្រោះ ចំនួន២៨៧គ្រួសារ រស់នៅភូមិចំនួន២ ក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋទាំងអស់ដោយមនោសញ្ចេតនា ការនឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជា ពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជា និច្ចពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត «រស់នៅធម្មតា តាមបែបគន្លងថ្មី» ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ការពារ រក្សាអនាម័យឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល ។ ជាមួយគ្នានេះ សូមលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើម៉ាស់ ឬក្រមា ដើម្បីការពារការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរបេង និងបានសំណូមពរដល់ស្ត្រីកំពុងមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុន ពេលសម្រាល និងស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតសម្រាលកូនឱ្យបានត្រឹមត្រូវ។

បន្ថែមលើនេះដែរ លោកជំទាវ បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគិតគូរថែទាំសុខភាព ឱ្យបានល្អ និងត្រូវរស់នៅ ដោយមានអនាម័យ ពិសាទឹកដាំឆ្អិនល្អ ប្រើប្រាស់ទឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ។

សូមបញ្ជាក់ថា អំណោយអង្ករដែលទទួលពីក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអំបិលពីក្រុមហ៊ុនសុវណ្ណគិរី ផ្តល់ជូនដល់ក្រុមគ្រួសារ នីមួយៗ ៖ អង្ករ ២៥ គីឡូក្រាម, អំបិល ២ គីឡូក្រាម និងមី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ដែលជាអំណោយកាកបាទក្រហមកម្ពុជា៕