• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កម្មករ កម្មការិនីកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះនៅខណ្ឌពោធិ៍សែនជ័យទទួលអំណោយមនុស្សធម៌

​ នាល្ងាចថ្ងៃសៅរ៍ ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​​​ ឯកឧត្តម ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឲ្យលោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ បន្តចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនដល់​ប្រជាពលរដ្ឋ​ កម្មករ កម្មការិនី​ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ជំហានទី២​ ចំនួន៧០០គ្រួសារទៀត​ នៅក្នុងតំបន់លឿងទុំ​ ស្ថិតក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ (ដែលជំហានទី១​ ឯកឧត្តមប្រធានចែកជូនផ្ទាល់ចំនួន៧០០គ្រួសារ​ និងជំហានទី២​នេះ​ ចំនួន៧០០គ្រួសារ​ ព្រមទាំងបន្តចែកជូនជាបន្តបន្ទាប់ទៀតរហូតសរុបចំនួន៧.៩៨៨គ្រួសារ​ ​) ។

នាខណៈនោះ លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ប្រកបដោយក្តីនឹករលឹក​ និងការព្រួយបារម្ភ ។ លោកបានបន្តថា៖​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខ​ សុខសុវត្ថិភាព​ ជីវភាពរស់នៅ​ និងការលំបាករបស់កម្មករ​ កម្មការិនី​ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់​ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយេីងកំពុងរងផលប៉ះពាល់​ និងកំពុងរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​ ពោល​ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។ លោកនាយកប្រតិបត្តិសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​យកចិត្តទុកដាក់ពីសុខភាពអនាម័យដោយប្រកាន់ភ្ជាប់នូវការរស់នៅស្អាត​ ហូបស្អាត​ ផឹកស្អាត​ និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រីឫទឹកស៉ីអ៉ីវ១យួរ និងទឹកបរិសុទ្ធឱរ៉ាល់ចំនួន១កេស​ ៕