• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កម្មកររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករបើកបរក្នុងល្បឿនលឿនជែងគ្នាគ្មានការប្រុងប្រយ័ត្នបណ្តាលឲ្យក្រឡាប់ទៅម្ខាងថ្នល់ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យកម្មកររបួស សរុបចំនួន ៥៨ នាក់ ធ្ងន់ ៧ នាក់ មធ្យម ៣ ស្រាល ៤៨ នាក់ ។ នៅថ្ងៃដដែលនោះដែរ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសាខានាំយកថវិកាមួយចំនួនចុះសួរសុខទុក្ខដល់កម្មករ កម្មការនីដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំនួន ៦ នាក់ មន្ទីរពេទ្យបង្អែកស្វាយទាប ចំនួន ៥ នាក់ មន្ទីរពេទ្យបង្អែក ជីភូចំនួន ៣៦ នាក់ និងនៅក្លីនិចបូពារ៍ក្រុងបាវិតចំនួន ១១ នាក់ ។

នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវបណ្តាំផ្ញើរសាសសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូន ទាំងអស់ដែលរងគ្រោះថ្នាក់នេះ និង ជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសាសស្បើយនឹងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិតដល់ក្រុមគ្រួសាររបស់ខ្លួនបន្តទៀត ។ ហើយឯកឧត្តម ក៏បានផ្តាំផ្ញើរដល់គ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ដោយមិនរើសអើងឡើយទន្ទឹមនឹងនេះ ដែរ ឯកឧត្តមប្រធាន ក៍បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៍ដូចជាកាកបាទក្រហមកម្ពុជា បានរួមចំណែកដោះស្រាយ ការឆ្លើយតបគ្រោះមហន្តរាយបានទាន់ពេលវេលា នៅពេលដែលរងគ្រោះត្រូវការបន្ទាន់នូវជំនួយសង្គ្រោះ ។ ឯកឧត្តមបានបន្តទៀតថា កាកបាទក្រហមកម្ពុជាជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ផ្នែកមនុស្សធម៍ ហើយក្រោមការណែនាំផ្ទាល់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឲ្យគ្រប់សាខាទាំងអស់ ត្រូវចុះផ្ទាល់ដើម្បីដឹងពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ដូចជាចាស់ជរាក្រីក្រគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រារ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយមិនប្រកាន់និន្នាការនយោបាយ ឫបក្សពួកអ្វីឡើយ ។ ឯកឧត្តមក៍បានផ្តាំផ្ញើដល់បង ប្អូនទាំងអស់ត្រូវថែទាំសុខភាពដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ និងបានផ្តាំផ្ញើដល់អ្នកបើកបរទាំងអស់ត្រូវត្រូតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តគ្រប់ប្រភេទមុននឹងធ្វើចរាចរណ៍ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ កុំធ្វេសប្រហេស ព្រោះអាច បណ្តាលឲ្យ មានគ្រោះថ្នាក់ជាយថាហេតុដូចក្នុងករណីនេះ ។

ក្នុងឱកាសសួរសុខទុក្ខនោះឯកឧត្តម ម៉ែន វិបុល បានឧបត្ថម្ភថវិកាដល់អ្នករបួសធ្ងន់ចំនួន ៧ នាក់ ក្នុងម្នាក់ថវិកា ៤០០,០០០ រៀល អ្នករបួសមធ្យម ៣ នាក់ ក្នុងម្នាក់ថវិកា ១៥០,០០០ និងអ្នករបួសស្រាល ៤៨ នាក់ ក្នុងម្នាក់ ថវិកា ១០០,០០០ រៀល ។