អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ការជួបជុំគ្នាឡើងវិញបន្ទាប់ពីបែកគ្នាអស់រយៈពេល៤៤ឆ្នាំ


ទប់ទឹកភ្នែក​មិនបាន​ពេលជួបជុំ​ បង-ប្អូន​ មីង​ ក្មួយ​ ក្រោយបែកគ្នា​ ៤៤ឆ្នាំ​ ដោយសារ​សង្គ្រាម​ ...!! ក្តីសង្ឃឹមនៃការ​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៤៤ឆ្នាំ​ បានក្លាយជា​ការពិតហើយ​ ដែលនេះ​ជាករណី​ជួបជុំគ្រួសារឡើងវិញ​ក្រោយការ​និរាសព្រាត់ប្រាស​ដោយសារ​សង្គ្រាមស៊ីវិល​ពីអតីតកាល​ ក្នុងវ័យ​ ១៣ឆ្នាំ​ និងបងប្រុស​ដែលមានអាយុ​ ៣២ឆ្នាំ​ ក្នុងឆ្នាំ១៩៧៣។

 

ដោយមាន​ការជួយស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់​ពីកាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន នៅថ្ងៃ​ទី​ ១២​ ខែតុលា​ ឆ្នាំ២០១៧​ នេះ​ លោកស្រី​ វង​ ហ៊ាង​ អាយុ​ ៥៧ឆ្នាំ​ រស់នៅ​ភូមិច្រោក​ ឃុំផ្អាវ​ ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជ័យ​​ បានជួបជុំជាមួយបងប្រុសបង្កើតឈ្មោះ​ វង​ ណាប់​ អាយុ​ ៧៦ឆ្នាំ​ បងថ្លៃស្រី​ពីរនាក់ និងក្មួយស្រី​ម្នាក់ ដែលកំពុងរស់​នៅភូមិកាទូ​ ឃុំដានរុន​ ស្រុកសូត្រនិគម​ ខេត្តសៀមរាប។

 

ការព្រាត់ប្រាស​គ្នាអស់រយៈពេលជាច្រើនឆ្នាំ​ដោយមិនដឹង​ដំណឹងថា​នៅទីណា​ ស្លាប់ឬរស់​ និងក្តីសង្ឃឹម​ថារកឃើញ​មានតិចតួចបំផុត​ ហើយស្រាប់តែ​បានជួបគ្នាវិញ​ក្នុងជីវិតវ័យ​ចុងក្រោយ​ បានធ្វើឱ្យ​សាច់ញាតិ​ជាទីស្រឡាញ់​របស់បង​ ប្អូន​ មីង​ ក្មួយ​ ចំនួន​ ៥នាក់ រំភើប​ក្តុកក្តួល​រហូត​បង្ហូរទឹកភ្នែក​ដាក់គ្នា ដែលស្តែង​ចេញពីអារម្មណ៍​រកអ្វីប្រៀបផ្ទឹមពុំបាន​ និងមិនធ្លាប់មា​នពីមុនមក​ ព្រមទាំងដឹង​គុណជានិច្ច​ចំពោះ​កាកបាទក្រហមកម្ពុជា​។

 

ជាកាដូ​សម្រាប់​ការជួបជុំគ្នានៃ​គ្រួសារដែលបាន​ជីវភាពលំបាក​មួយនេះ​ កាកបាទក្រហម​កម្ពុជា​ បានឧបត្ថម្ភគ្រឿង​ឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់រួមមាន​ ៖​ អង្ករ​ មី​ ត្រី​ខ​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកាមួយចំនួន​។

 

សូមបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា​ មានសេវាកម្ម​ស្រាវជ្រាវ​រកគ្រួសារ​ដោយឥតតិតថ្លៃ​ ផ្តល់ក្តីសង្ឃឹម​ និងជួយបង-ប្អូន​ ដែលបែកបាក់​ ព្រាត់ប្រាសគ្នា​ ដោយសារសង្គ្រាម​ ឱ្យបានជួបជុំ​គ្នាឡើងវិញ​៕