អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាជនចាស់ជរា និងជនពិកា ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ


សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១០ ខែ​ តុលា​ ឆ្នាំ ២០១៧នេះ នៅ​វត្តនន្ទមុនី ​សាខា​កាកបាទក្រហម​កម្ពុជា រាជធានីភ្នំពេញ ​ដឹកនាំដោយ​ ឯកឧត្តម​ ប៉ា​ សុជាតិវង្ស ​សមាជិកគណៈកម្មាធិការ​កណ្តាលកាកបាទក្រហម​កម្ពុជា​ និងជាប្រធាន​គណៈកម្មាធិការ​សាខា​រាជធានីភ្នំពេញ ​បានចុះសាកសួរ​សុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​ទៅចែកជូន​ដល់​ចាស់ជរា​គ្មានទីពឹង​ ជនពិការ​ ប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាតចំនួន​២០០គ្រួសារ រស់នៅ​ក្នុងខណ្ឌមានជ័យ ។

 

មានប្រសាសន៍​ទៅកាន់​លោកតា​លោកយាយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ឯកឧត្តម ប៉ា​ សុជាតិវង្ស បានពាំនាំ​នូវការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលសម្តេច​ប្រធានតែងតែ​យកចិត្តទុកដាក់​គិតគូរ​ជាប់ជានិច្ច​ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ ដោយមិនប្រកាន់​ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​អ្វីឡើយ ពោល "កាកបាទក្រហម​កម្ពុជា​មាន​គ្រប់ទីកន្លែង សម្រាប់​គ្រប់ៗគ្នា" ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យយកចិត្តទុកដាក់ពី​សុខភាព​រក្សា​ឲ្យបាន​នូវអនាម័យ​ទាំងការរស់នៅ​ និងការហូបចុច​ ដើម្បីចៀសវាង​ពីជម្ងឺដង្កាត់​ផ្សេងៗមកបៀតបៀន​ ព្រមទាំងចៀសវាង​ឲ្យឆ្ងាយ​ពីអំពើ​អសកម្មនានា​ដែលសង្គមជាតិ​ស្អប់ខ្ពើម​ ដើម្បីឲ្យ​ភូមិ-សង្កាត់យើង​មានសុវត្ថិភាព​ ហើយសូមបើកបរ​ត្រូវគោរព​ច្បាប់ចរាចរណ៍ឲ្យ​បានខ្ជាប់ខ្ជួន ដើម្បីចៀសវាង​ពីគ្រោះថ្នាក់ចរាចរណ៍​ដែលអាច​ឡើងជាយថាហេតុ ។

 

អំណោយមនុស្សធម៌​ដែល​បានចែក​ជូនក្នុង១គ្រួសារៗទទួល​បាន៖​ អង្ករ២០គីឡូក្រាម​ មី១កេស ទឹកក្រូច៥កំប៉ុង ទឹកបរិសុទ្ធ១កេស ទឹកត្រី២ដប ត្រីខ៥កំប៉ុង អំបិល១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល ៕