អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

គ្រួសាររងគ្រោះ ដោយសារទឹកជំនន់ក្នុងស្រុកស្ទោងទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក ៖ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ផ្ដល់អំណោយ​មនុស្សធម៌​ជូនគ្រួសាររងគ្រោះ ដោយសារ​ទឹកជំនន់​ចំនួន ៧៤៩គ្រួសារ ដែលរស់​នៅក្នុង​ឃុំចំនួន ៨ នៃ​ស្រុកស្ទោង ខេត្តកំពង់ធំ។

ពិធីសំណេះ​សំណាល​សួរសុខទុក្ខ និងចែក​អំណោយ​នេះប្រព្រឹត្ត​ទៅរយៈពេល​២ថ្ងៃ ចាប់ពី​ថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០១៧ នៅទីតាំង ៤ផ្សេងគ្នា​ រួមមាន ៖ 


១-ក្នុង​បរិវេណវត្ត​ឈើទាល សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ១៧១ គ្រួសារ 
២-ក្នុងបរិវេណ​វត្តថ្មី សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ២៣៤គ្រួសារ 
៣-ក្នុងបរិវេណ​វត្តព្រះដំរី សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ៣១៦ គ្រួសារ 
៤-សាលាឆទានភូមិនាងសល្ងាច សម្រាប់ប្រជាពលរដ្ឋចំនួន ២៨ គ្រួសារ

 

ក្នុងឱកាស​សំណេះសំណាល​នោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា បានពាំនាំសេចក្ដីផ្តាំផ្ញើ​ការសួរ​សុខទុក្ខ និងសេចក្ដី​នឹករលឹក ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូន​ចំពោះគ្រួសាររងគ្រោះ ដែលមក​ទទួលអំណោយ​មនុស្សធម៌ នាថ្ងៃនេះ។ ជាមួយគ្នានេះ​ លោកជំទាវ​អគ្គលេខាធិការ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ​សព្វកំពុងរស់​នៅក្រោមម្លប់​សន្តិភាព​បរិបូរណ៍នេះ ត្រូវចេះ​ថែរក្សា​សុខភាពឱ្យបានល្អប្រសើរ​ ដោយត្រូវរស់នៅ​ស្អាត និងពិសារ​ទឹកឆ្អិន​ជានិច្ច ជាពិសេសស្ត្រី​មានផ្ទៃពោះ​ត្រូវទៅពិនិត្យសុខភាពឱ្យបាន​ទៀងទាត់។ បន្ថែម​ពីនេះទៀត សូមមើល​ថែរក្សា​កូនចៅ​តូចឱ្យបានល្អ ​ជៀសវាង​គ្រោះថ្នាក់ផ្សេងៗ និងត្រូវដាំ​បន្លែដំណាំ​ជុំវិញផ្ទះឱ្យ​បានច្រើន សម្រាប់​ទទួលទាន​ក្នុងក្រុមគ្រួសារ ជាជាង​ទិញបន្លែពីផ្សារ។ ជាងនេះទៅ​ទៀត សូមជៀស​ឱ្យឆ្ងាយពី​គ្រឿងញៀន គ្រឿងស្រវឹង និងត្រូវមាន​ស្មារតីប្រុង​ប្រយ័ត្នជានិច្ចរាល់ពេល​ធ្វើដំណើរទោះជិត ឬឆ្ងាយ និងគោរពច្បាប់​ចរាចរណ៍ឱ្យ​បានខ្ជាប់ខ្ជួន។

 

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលមក​ទទួលផល បានសម្តែង​នូវក្តីរំភើប​ឥតឧបមា និងដឹងគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ គង់ប្រថាប់​ជាព្រះប្រធាន​កិត្តិយស និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាល​យកព្រះទ័យ និងយកចិត្ត​ទុកដាក់ ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​ជួបការលំបាក​ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាកា​រនយោបាយអ្វីឡើយ។

 

អំណោយ​ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ដោយឡែក​ចាស់ៗមួយ​ចំនួនទទួលបានថវិកា​ឧបត្ថម្ភបន្ថែម ម្នាក់ៗចំនួន ១ម៉ឺនរៀល៕