អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅខណ្ឌពោធិ៍សែនជ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក​ ៖​ នៅព្រឹកថ្ងៃទី ២៨​ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហម កម្ពុជា  ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភ អំណោយ មនុស្សធម៌ រួមមាន គ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាមួយ ចំនួន​ ជូនបុរសពោះម៉ាយ ឈ្មោះ ម៉ម ហេង អាយុ ៤៨ឆ្នាំ ដែលជួបទុក្ខផ្ទួនៗគ្នា ដោយត្រូវ ភរិយា ទើបស្លាប់ ចោលបាន ៥ខែ ហើយ បានរងគ្រោះ ដោយ ភ្លើងឆេះផ្ទះ​ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ សព្វថ្ងៃនេះ​ លោក​ ម៉ម​ ហេង​ និងកូន ២នាក់ ក្នុងបន្ទុក​ (កូនស្រីពៅអាយុ​ ១៧ឆ្នាំ​ មានជំងឺបេះដូងចំហ) កំពុងស្នាក់ នៅបណ្តោះអាសន្នជាមួយប្អូន​ នៅរាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហម​កម្ពុជា បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ការអាណិតអាសូរ និងការសោកស្តាយចំពោះ លោក ម៉ម ហេង ដែលកំពុង​ជួបទុក្ខផ្ទួនៗគ្នានេះ។ ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ បានលើកទឹកចិត្ត​ដល់លោក ម៉ម ហេង សូមកុំបាក់​ទឹកចិត្ត និងត្រូវខិត​ខំប្រកប​របរបន្តទៀតដើម្បីស្តារ​ជីវភាពគ្រួសារ និងផ្តល់ភាព​កក់ក្តៅដល់​កូនៗបន្តទៀត​ ព្រោះអំណោយ​មនុស្សធម៌ពេលនេះ​ អាចជួយផ្តល់​ជម្រកថ្មីសមរម្យដែរ។

 

លោក ម៉ម ហេង បានសម្តែង​នូវការដឹងគុណ​ចំពោះ កាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល​គិតគូរ មានក្តីមេត្តា ករុណា ផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្តដល់​ប្រជាជន​រងគ្រោះជួ​បការលំបាក ដោយគ្មាន​ការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

សូមបញ្ជាក់ថា​ អនុសាខាកាកបាទក្រហម​កម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ​ ក៏បានចុះសួរសុខ​ទុក្ខដល់ផ្ទះរងគ្រោះ​ និងបាន​ឧបត្ថម្ភគ្រឿង​ឧបភោគ-បរិភោគ​ ថវិកាមួយចំនួនរួចហើយដែរ៕