អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប​ បានប្រារព្ធ​ពិធីសម្ពោធ​ដាក់ឱ្យ​ ប្រើប្រាស់​អគារទី​ស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ ស្រុកបន្ទាយស្រី ដែលស្ថិត​នៅភូមិ​បន្ទាយស្រី ឃុំខ្នារសណ្ដាយ (ជាប់សាលាស្រុក) ដោយមានការ​អញ្ជើញ​ចូលរួមជាគណៈអធិបតី​មាន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ​សាខា ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ ប្រធាន​កិត្តិយសសាខា ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន​កិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការ​សាខា​ផងដែរ។ ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គពិធីអញ្ជើញ​មកពីមន្ទីរ អង្គភាព​ជុំវិញ​ខេត្ត តាជី យាយជី ប្រជាពល​រដ្ឋតំណាង​ឃុំទាំង៦​ក្នុងស្រុក​បន្ទាយស្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម​កម្ពុជា និងសិស្សានុ​សិស្ស សរុបជាង ៥០០នាក់។

 

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត​ប្រធាន​គណៈកម្មាធិការ សាខាបាន​ឱ្យដឹងថា អគារ​ទីសា្នក់អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី ដ៏ថ្មីស្រឡាង គឺជាសមិទ្ធផលទី៥ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបាន​ដំណើរការ​សាងសង់​តាំងពីខែ​ឧសភា និងរួច​រាល់ជាស្ថាពរនៅដើមខែកញ្ញា ឆ្នាំ២០១៧។ អគារនេះ​មានក្រឡាផ្ទៃសរុប ១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦៩០ម៉ែត្រការ៉េ ដើម្បី​ប្រតិបត្តិការ​មនុស្សធម៌​ជួយសង្គ្រោះ និងជួយ​សម្រាលទុក្ខ​លំបាក​របស់ប្រជាពលរដ្ឋ​រងគ្រោះ និងងាយ​រងគ្រោះ ស្រប​បាវចនា “ធ្វើឱ្យកាន់តែ​ច្រើនជាងមុន ធ្វើឱ្យកាន់​តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅ​ជាងមុន និងទៅឱ្យ​កាន់តែ​ឆ្ងាយជាងមុន” ។

 

ជាមួយគ្នានេះដែរ សប្បុរសជន​ដែល​អញ្ជើញមក​ក្នុងពិធីសម្ភោធ​ដាក់ឱ្យ ប្រើប្រាស់​អនុសាខាកាកបាទក្រហមកម្ពុជា ស្រុក​បន្ទាយស្រីនេះ បានចូលរួម​ថវិកា សរុបប្រមាណ ៤,២២០ ដុល្លា​អាមេរិក និង៩០ម៉ឺនរៀល ប្រគល់​ជូនអនុសាខា ស្រុក​បន្ទាយស្រី ដើម្បីចាត់ចែងនិង​ទ្រទ្រង់សកម្មភាព​មនុស្សធម៌​ក្នុងភូមិសាស្ត្ររបស់ខ្លួន។