


លោកស្រី ប៉ូ ស្រីគង់មានជំងឺរលាកលំពែង ដុំក្នុងថ្លើមទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនលោកស្រី ប៉ូ ស្រីគង់ មានជំងឺរលាកលំពែង ដុំក្នុងថ្លើម និងពោះវៀនដុះខ្នែង ដែលទើបបានវះកាត់ព្យាបាលរួចនៅមន្ទីរពេទ្យសហគមន៍នៃក្តីសង្ឃឹម ឬពេទ្យសម្តេចឪ រាជធានីភ្នំពេញ។
លោកស្រី ប៉ូ ស្រីគង់ កំព្រាឪពុក-ម្តាយ តាំងពីតូចដោយសាររបប ប៉ុល ពត បច្ចុប្បន្នមានបន្ទុកចិញ្ចឹមកុមារកំព្រាប្រមាណ ៣០នាក់ នៅសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្តីអាណិតអាសូរ ចំពោះលោកស្រី ប៉ូ ស្រីគង់ និងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ គោរពតាមវេជ្ជបញ្ជាគ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយដើម្បីបន្តផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ក្មេងៗកំព្រាក្នុងបន្ទុក។
លោកស្រី ប៉ូ ស្រីគង់ និងក្រុមគ្រួសារ ដែលមកទទួលអំណោយនាពេលនោះ បានសំដែងក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះជួបការលំបាក ដោយគ្មានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕