អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ កុមារពិការខ្សោយសតិបញ្ញានៃអង្គការជំនួយនៃក្តីសង្ឃឹម


កក្រក ៖ នៅព្រឹក​ថ្ងៃទី ៧​ ខែកញ្ញា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ​ដែលមាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានឧបត្ថម្ភ​អំណោយ​មនុស្សធម៌​ជាលើកទី​ ៥​ ក្នុងឱកាស​ចុះសួរ​សុខទុក្ខ​ និងរៀបចំ​អាហារមួយ​ពេលជូន​ កុមារពិការ​ខ្សោយសតិបញ្ញា​ និងក្រុម​គ្រួសារ​ រួមជាមួយគ្រូៗ​ សរុបចំនួន​ ២១០នាក់​ នៃអង្គការ​ជំនួយនៃក្តី​សង្ឃឹមសម្រាប់​សហគមន៍​ ស្ថិតនៅក្នុងអនុវិទ្យាល័យអនុវត្តន៍ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

 

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា​ បានពាំនាំប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើគិតគូរ​ សួរសុខ​ទុក្ខ និង​ក្តីមេត្តា​ ករុណា​ ស្រឡាញ់​ចំពោះកុមារពិការ​ទាំងអស់​ ត្បិតមិនមាន​កាយសម្បទា​គ្រប់គ្រាន់ តែមានប្រាជ្ញា ​អាចធ្វើអ្វីផ្សេង​ដូចគេឯងដែរ។ ទន្ទឹមនេះ​ សូមថ្លែង​អំណរគុណ​ និងកោត​សរសើរ​ដល់គ្រូៗ​ទាំងអស់​ ដែលផ្តល់​ការបណ្តុះបណ្តាល​ ដោយទឹកចិត្ត​អាណិតអាសូរ​ មេត្តា​ ករុណា​ និងស្រឡាញ់​ ចំពោះកុមារទាំងនេះ​ ព្រមទាំងសូមផ្តាំផ្ញើ​ដល់អាណាព្យាបាល​ទាំងអស់​ ចូលរួមជា​មួយគ្រូ-បុគ្គលិក​ដើម្បីផ្តល់​ក្តីស្រឡាញ់​ ការថែទាំ​ លុបបំបាត់ការ​រើសអើង​ ពិសេសផ្តល់​ការបណ្តុះបណ្តាល-អប់រំ ដើម្បី​អនាគតភ្លឺ​ស្វាងរបស់កូនៗ​ ហើយដែល​នេះ ជាការរួមចំណែក​មួយយ៉ាងធំធេង​ក្នុងសង្គមជាតិ​ ឱ្យស្ថិតក្នុង​ការអភិវឌ្ឍ ​និងសុខសន្តិភាព ស្ថិរភាព ជូនបងប្អូនប្រជាពលរដ្ឋ។

 

លោក ចាន់ សារិន នាយកអង្គការ បានថ្លែងនូវក្តី​សោមស្សរីករាយ​ជាទីបំផុត ដែលមាន​ភ័ព្វវាសនាបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុក​ដាក់យ៉ាងខ្លាំង បានជួយឧបត្ថម្ភជា​បន្តបន្ទាប់ចំនួន​ ៥លើក​ និងសូមជូនពរ​បវរមហា​ប្រសើរជូន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត សូមប្រកប​ដោយសុខភាព​ល្អបរិបូណ៌ កម្លាំងមាំមួន អាយុ​យ៉ឺនយូរ ដើម្បី​ធ្វើជាម្លប់​ដល់ កុមារពិការ​ខ្សោយ​សតិបញ្ញា និងជនពិការ​ទូទៅដែរ។

 

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូនអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍​ រួមមាន​ ៖​ មី​ ៤០កេស​ ត្រីខ​ ៨កេសធំ​ ទឹកក្រូច​ ១៥កេស​ ទឹកសុទ្ធ​ ១៥កេស​ ទឹកត្រី​ ២៤ដប​ ទឹកស៊ីអ៊ីវ​ ២៤ដប​ ផ្លែប៉ោម​ និងថវិកា​ ៥លានរៀល។​ ដោយឡែក​ គ្រូ​ ១៩នាក់​ ម្នាក់ៗទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ ត្រីខ​ ១០កំប៉ុង​ មី​ ១កេស​ មុង១​ ភួយ១​ សារុង១​ ក្រមា១​ និងថវិកា​ ១០ម៉ឺនរៀល។​ រីឯ​ កុមារពិការទាំង​ ១២០នាក់​ ម្នាក់ៗទទួលបាន​ ថវិកា​ ២ម៉ឺនរៀល៕