អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

អ្នកជំងឺមហារីកខួរឆ្អឹងធ្ងន់ធ្ងរទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក​ ៖​ នៅរសៀលថ្ងៃទី ៤​ ខែកញ្ញា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ-បរិភោគ ​សម្ភារៈ​ប្រើប្រាស់​ និងថវិកាមួយចំនួន ជូន លោក​ស្រី​ យិន​ ស៊ីថា​ អាយុ​ ៥៣ឆ្នាំ​ អនុប្រធាន​នាយកដ្ឋាន​សោត​ទស្សន៍នៃ​ក្រសួង​ព័ត៌មាន​ ដែលមាន​ជំងឺ​មហារីក​ខួរឆ្អឹងធ្ងន់ធ្ងរ​ កំពុងសម្រាក​ព្យាបាល​នៅគេហដ្ឋាន​ស្ថិតនៅ​ភូមិតាសេក​ សង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ ​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំ​ផ្ញើនូវ​ការ​សួរសុខទុក្ខ​ និងក្តីអាណិត​អាសូរ​ ចំពោះលោកស្រី​ យិន​ ស៊ីថា និងសូមឱ្យ​លោកស្រី​ បន្តប្រើថ្នាំ​តាមវេជ្ជបញ្ជា ក្នុងក្តីសង្ឃឹមថានឹងជាសះស្បើយពីជំងឺ​ ខណៈដែលគ្រូពេទ្យ​ពុំអាច​វះកាត់បាន​នេះ។

 

លោកស្រី​ យិន​ ស៊ីថា និងក្រុមគ្រួសារ​ បានសំដែង​ក្តីរំភើប​ និងដឹងគុណ​យ៉ាងជ្រាលជ្រៅ​ ចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលបាន​គិតគូរជួយ​សម្រាល​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​ជួបការលំបាក​ ដោយគ្មាន​ការរើសអើង​ ប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការ​នយោបាយអ្វីឡើយ​៕