អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យ ភូមិបឹងខ្នារខេត្តកំពង់ស្ពឺ


កក្រក ៖ នៅព្រឹកថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានរៀបចំ​ពិធី​សម្ភោធ​ដាក់ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​ និង​ប្រគល់​សម្ភារសិក្សា​មួយចំនួន ​ដោយមាន​ការចូលរួម​ពីសំណាក់ ​ឯកឧត្តម សម កុសល នាយក នាយកដ្ឋាន​ធនធាន​មនុស្ស​កាកបាទក្រហម​កម្ពុជា​ និង ឯកឧត្តម​ តាំង សាមឿន លេខា​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប្រធាន ទីប្រឹក្សា​យុវជន និងយុវជន កាកបាទក្រហម​កម្ពុជា​ ប្រចាំគ្រឹះស្ថាន​ឧត្តមសិក្សា​ នៅរាជធានី​ភ្នំពេញ ​ជូនសាលា​បឋម​សិក្សា​បឹងខ្នារ ដែលស្ថិត​នៅភូមិ​បឹងខ្នារ ឃុំសែនដី ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ។

 

នៅក្នុងឱកាសសំណេះ​សំណាលនេះ ឯកឧត្តម ​នាយក បានពាំនាំប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និងសេចក្ដីនឹករលឹក របស់ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និង ឯកឧត្តមបណ្ឌិត​អ្នកឧកញ៉ា ម៉ុង រឹទ្ធី សមាជិកគណៈកម្មាធិការ​កណ្ដាល កាកបាទក្រហម​កម្ពុជា ជូនដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុ​សិស្ស នៅសាលា​បឋមសិក្សាបឹងខ្នារ។ ជាមួយគ្នានេះ​ ឯកឧត្តម​នាយក ក៏បាន​ផ្ដល់នូវសារអប់រំ​មួយចំនួនរួមមាន៖


១/ សូមក្មួយៗ ខិតខំសិក្សារៀនសូត្រ​ក្រេបយកចំណេះ​ដឹងដើម្បីជួយចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត
២/ សូមថែរក្សាសុខភាព ឱ្យបានល្អប្រសើរ និងត្រូវមានអនាម័យជានិច្ច
៣/ សូមចូលរួមថែរក្សា នូវសម្ភារៈសិក្សា និងបណ្ណាល័យដែលបានប្រគល់និងរៀបចំជូននៅពេលឱ្យបានល្អដើម្បីជាឧត្តមប្រយោជន៍ដ៏យូរអង្វែងតទៅមុខទៀត

 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម តាំង សាមឿន ក៏បានដឹកនាំក្រុមយុវជនកាកបាទក្រហមកម្ពុជា ទៅទស្សនកិច្ចសិក្សានៅតំបន់អភិវឌ្ឍន៍របស់ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា ម៉ុង រឹទ្ធី ស្ថិតនៅភូមិដីដុះ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងនាំ សម្ភារៈសិក្សាដែលបានប្រគល់ជូនសាលាបឋមសិក្សារួមមាន៖ រូបថតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ទំហំ ០,៤ម៉ែត្រ គុណនឹង ០,៥ម៉ែត្រ ចំនួន១ រូបថតសម្ដេចតេជោ ហ៊ុន សែន ទំហំ ០,៤ម៉ែត្រ គុណនឹង ០,៥ម៉ែត្រ ចំនួន១ សៀវភៅពុម្ពចំនួន៣៥៧ក្បាល ធ្នើរដាក់សៀវភៅ ចំនួន២ បាល់ទាត់២ សម្លៀកបំពាក់កីឡាបាល់ទាត់ចំនួន ២២ កំផ្លេ និងសម្ភារៈបណ្ណាល័យមួយចំនួនទៀត។ ចំណែកសិស្សានុសិស្សម្នាក់ៗទទួលបាន សៀវភៅសរសេរ ១ក្បាល ខ្មៅដៃ១ដើម និងជ័រលុប១ដើម។

 

សូមបញ្ជាក់ថា៖ បណ្ណាល័យបឹងខ្នារនេះ ត្រូវបានរៀបចំឡើងដោយក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញមួយចំនួនរួមមាន ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលចំណាយថវិកាសរុបចំនួន ២,៥ លានរៀល។