អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សមាគមតន្ត្រីសំនៀង ជនពិការបានទទួលថវិកា ៤,០០០ដុល្លារអាមេរិក ពីកាកបាទក្រហមកម្ពុជា


នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភ​ថវិកា​ចំនួន ៤,០០០ដុល្លារ​អាមេរិក ជូនសមាគម​តន្ត្រីសំនៀង​ជនពិការ សម្រាប់ទិញ​សម្ភារៈឧបករណ៍​ម៉ាស្សា ដើម្បី​បើក​បង្រៀន និងធ្វើអាជីវកម្ម​ម៉ាស្សាបែប​បុរាណរក​ចំណូល​ផ្គត់ផ្គង់​សមាគម។

 

ក្នុងឱកាសជួប​សំណេះសំណាល​នោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា ​បានពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើការ​សួរ​សុខទុក្ខ ក្តីនឹក​រលឹក ជាពិសេស គិតគូរ​ពីជីវភាព​រស់នៅ​របស់ជនពិការ​ក្នុងសមាគម​ទាំងអស់ ​ក៏ដូចជាជន​ពិការទូទៅ។ ការជួយឧបត្ថម្ភ​ជាបន្តបន្ទាប់​របស់​កាកបាទក្រហម​កម្ពុជា ​បានជួយ​ឲ្យសមាគម​តន្ត្រីសំនៀង​ជនពិការ មានលទ្ធភាព​កសាង​បានថែមទៀត​នូវសមត្ថភាព​ និងប្រកបរបរ​ចិញ្ចឹម​ជីវិត​ដោយ​សេចក្តី​ថ្លៃថ្នូរ​។ លោកជំទាវ​អគ្គលេខាធិការរង​ទី១ អំពាវនាវ​ដល់សប្បរសជន​ និងប្រជាពលរដ្ឋ​ទូទៅ ​សុំជួយ​ដល់ជនពិការ​ ជាពិសេស​សុំកុំមាន​ការរើសអើង​ជាមួយ​ជនពិការ​ និងចូលរួម​លើកកម្ពស់​សិទ្ធិជន​ពិការ​ក្នុង​សង្គមជាតិ ។

 

លោក ចាប តូ តំណាងឱ្យ​ជនពិការ​ទាំងអស់​ បានសម្តែង​នូវការដឹងគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតា​មនុស្សធម៌​ តែងគិតគូរ ​យកចិត្ត​ទុកដាក់ ​និងជួយ​ឧបត្ថម្ភ​ដល់សមាគម​តន្ត្រីសំនៀង​ជនពិការ​ជាបន្ត​បន្ទាប់ ហើយ​នេះជាការជួយ​ឧបត្ថម្ភ​លើក​ទី៧ហើយ។