អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

គ្រួសារជនពិការចំនួន ២៧០គ្រួសារនៅខេត្តសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក ៖​ នៅព្រឹក​ថ្ងៃទី ១៧​ ខែសីហា​ ឆ្នាំ២០១៧ នេះ កាកបាទ​ក្រហម​កម្ពុជា ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់​អំណោយ​មនុស្សធម៌​ជាលើកទី២​ រួមមាន​គ្រឿង​ឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកា​​ ជូនដល់គ្រួសារ​ជនពិការចំនួន​ ២៧០គ្រួសារ​ នៃសមាគម​ជនពិការអង្គរ​ ដែល​មានទីតាំង​ស្ថិតនៅ ភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលពិធីនេះ​ប្រព្រឹត្តទៅនៅទីស្នាក់ការ​សាខា​កាកបាទក្រហ​មកម្ពុជា​ ខេត្តសៀមរាប។

 

ក្នុងឱកាស​សំណេះសំណាល​នោះ លោកជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា បានពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​ការសួរសុខ​ទុក្ខ ក្តីអាណិត ស្រឡាញ់​ និងកោតសរសើរ​ចំពោះទឹកចិត្តដ៏ថ្លៃថ្លា​របស់ជន​ពិការទាំងអស់​ នៃសមាគមជន​ពិការអង្គរ​ ដែល​ "ពិការតែកាយ​ តែមិនពិការចិត្ត"​ បានខិតខំអភិវឌ្ឍសមត្ថភាព​ ជំនាញ​ វិជ្ជាជីវៈ​ កសាងមុខរបរដោយសុច្ចរិត​ ដើម្បីរកប្រាក់​ចំណូល​ផ្គត់ផ្គង់ជីវភាព​រស់នៅ​ ឱ្យបានស្មើមុខ​ស្មើមាត់ដូច​មនុស្ស​ឯទៀតដែរ។​

 

ក្នុងន័យនេះ​ កាកបាទក្រហមកម្ពុជា​ ដែលជា​ជំនួយការ​ឱ្យអាជ្ញាធរ​សាធារណៈលើវិស័យ​មនុស្សធម៌​ ជាពិសេស​ រាជរដ្ឋាភិបាលកម្ពុជា​ ជានិច្ចកាលតែង​គិតគូរយក​ចិត្តទុកដាក់​អនុវត្តគោល​នយោបាយ​លើកកម្ពស់ជនពិការ​ ធ្វើយ៉ាងណា​ផ្តល់ភាពកក់ក្តៅ​ និងផ្តល់ឱកាស​ដល់ជនពិការមាន​លទ្ធភាព​ចូលរួម​ក្នុងកិច្ចការ​សង្គម​ ដើម្បីអភិវឌ្ឍប្រទេសជាតិ​ដែលមាន​សុខសន្តិភាព​ ស្ថិរភាពមួយនេះ​ ឱ្យបានកាន់​តែរីកចម្រើន​ឥតឈប់ឈរ។

ជាមួយគ្នានោះ​ លោក​ សេម​ សុវន្ថា​ ប្រធានសមាគមជនពិការអង្គរ​ បានសម្តែង​នូវការដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ​គិតគូរ​យកចិត្តទុកដាក់​ជួយដល់ជនពិការទាំងអស់​ ដែលជាជនងាយ​រងគ្រោះបំផុត​ ត្រូវការអំណោយមនុស្សធម៌ទាំងនេះជាចាំបាច់ក្នុងការជួយសម្រាលការ​លំបាកបានមួយរយៈពេលដែរ។

 

សូមបញ្ជាក់ថា​​ អំណោយផ្តល់ជូនសមាគម​ រួមមាន​ ៖​ អង្ករ​ ៥០០គីឡូក្រាម​ មីយើង​ ១០កេស​ ត្រីខ​ ១កេស​ ទឹកក្រូច​ ១០កេស​ ទឹកសុទ្ធ​ ១០កេស​ ទឹកត្រី​ ៣៦ដប​ ទឹកស៊ីអ៊ីវ​ ៣៦ដប​ ប្រេងឆា​ ១២ដប​ រទេះជនពិការ​ ១០គ្រឿង​ និងថវិកា​ ៤លានរៀល​។ ដោយឡែក​ សម្រាប់ ជនពិការទាំង​ ២៧០នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​១​ ក្រមា​១​ និងថវិកា​ ៥ម៉ឺនរៀល៕