អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

អតីតសិស្សពូកែនិទ្ទេស A ឆ្នាំ២០១៦ ដែលមានជំងឺរលាកទងសួតធ្ងន់ធ្ងរទទួលអំណោយពីកក្រក


កក្រក​ ៖​ នៅទីស្នាក់ការ​កណ្តាល​ នារសៀលថ្ងៃទី ២៦​ ខែកក្កដា​ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានចាត់ឱ្យ​ លោកជំទាវ ​ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១​ កាកបាទក្រហម​កម្ពុជា​ យកសម្ភារៈ​ និងថវិកា​មួយចំនួន​ជូនដល់​ យុវជន​ ហេង​ ដូរ៉ង្គ​ អាយុ​ ១៩ឆ្នាំ​ អតីតសិស្ស​ពូកែនិទ្ទេស​ A ឆ្នាំ២០១៦​ ដែលមាន​ជំងឺរលាក​ទងសួត​ធ្ងន់ធ្ងរ​ កំពុង​សម្រាកព្យាបាល​នៅបន្ទប់​សង្គ្រោះបន្ទាន់​នៃមន្ទីរពេទ្យ​កាល់ម៉ែត។

 

ក្នុងពេលប្រគល់​អំណោយនោះ លោកជំទាវ អគ្គលេខាធិការ​រងទី ១ បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើនូវការ​សួរសុខទុក្ខ ក្តីអាណិតអាសូរ​ ចំពោះ​យុវជន​ ហេង​ ដូរ៉ង្គ​ ដែល​ធនធាន​មនុស្សវ័យ​ក្មេងរបស់​សង្គមជាតិ​ និងជូនពរ ឆាប់​បានជា​សះស្បើយពីជំងឺ​ត្រឡប់ទៅសិក្សារៀនសូត្រ​បន្តទៀត។

ឪពុកម្តាយ​បង្កើតរបស់​ យុវជន​ ហេង​ ដូរ៉ង្គ​ ដែលមក​ទទួលអំណោយ​នាឱកាសនោះ បានសំដែង​ក្តីរំភើប​ឥតឧបមា​ ដោយទទួលបាន​ការគិតគូរ​ និងយកចិត្ត​ទុកដាក់​ ពីកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូច​ជារាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោមការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ និងការចូលរួម​ពីសាកលវិទ្យាល័យ​ ព្រមទាំងក្រុម​យុវជន​កាកបាទក្រហម​កម្ពុជា​ ដែលបាន​ជួយដល់ថ្លៃ​ព្យាបាល​ ពិសេសគឺ​ ផ្តល់កម្លាំងចិត្ត​ និងលើក​ទឹកចិត្ត​ ដែលជា​គុណបំណាច់​មិនអាច​កាត់ថ្លៃបាន។​

 

សូមបញ្ជាក់ថា​ យុវជន​ ហេង​ ដូរ៉ង្គ​ មានទីលំនៅ​នៅភូមិ​ស្រែព្រីង​ សង្កាត់​កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ជាអតីតសិស្សពូកែនិទ្ទេស​ A ឆ្នាំ២០១៦​ បច្ចុប្បន្ន​កំពុងមានជំងឺ​ស្របពេល​កំពុង​សិក្សាថ្នាក់ឆ្នាំសិក្សា​មូលដ្ឋាន​ផ្នែក​វេជ្ជសាស្ត្រ​នៃសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល៕