អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កិច្ចប្រជុំ បូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា


នៅរសៀលថ្ងៃទី ២៤ ខែកក្កដា​ឆ្នាំ២០១៧ នេះ ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ​បានរៀបចំ​កិច្ចប្រជុំ​ បូកសរុប​លទ្ធផល​ការងារ​យុវជន​កាកបាទក្រហម​កម្ពុជា​ឆមាសទី ១ ​និងលើកទិសដៅ​ការងារ​ឆមាសទី ២ ឆ្នាំ២០១៧ នៃគ្រឹះស្ថាន​ឧត្តមសិក្សា​ ចំនួន២១ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតី​ដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឃួន សុដារី អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា និងអញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ-មន្ត្រី ប្រធាន​កិត្តិយស​ក្លឹប ទីប្រឹក្សា​យុវជន និងយុវជន​កាកបាទក្រហម​កម្ពុជា សរុប​ចំនួន ៩១ នាក់។

 

កិច្ចប្រជុំនេះ បានពិភាក្សា​លើ​ចំណុចខ្លាំង​ បញ្ហា​ប្រឈម​ នៃការអនុវត្ត​នូវភារកិច្ច​ និងការទទួលខុស​ត្រូវ​របស់​យុវជន​កាកបាទក្រហម​កម្ពុជា ក្នុងឆមាសទី ១ ពីខែមករា ​ដល់ខែ​មិថុនា ឆ្នាំ២០១៧ ដែលបាន​និងកំពុងធ្វើ ​ព្រមទាំង​ដាក់ចេញ​នូវទិសដៅ​សមស្រប​ក្នុងការ​អនុវត្ត​កញ្ចប់​សកម្មភាព​សម្រាប់​ឆមាស​ទី ២ ឆ្នាំ២០១៧ ដោយ​ដើរស្រប​តាមគោលការណ៍​គ្រឹះទាំង ៧ របស់ចលនា​ តាមរយៈ​ វិស័យ​ស្នូលទាំង ៤ នៃយុទ្ធសាស្ត្រ ២០១១-២០២០ របស់​កាកបាទក្រហម​កម្ពុជា។

 

ក្នុងឱកាសនោះ លោកជំទាវ ឃួន សុដារី បានផ្តល់​អនុសាសន៍ និងសំណូមពរ​សំខាន់​ចំនួន ៥ រួមមាន ៖


១/ សូមប្រធាន​កិត្តិយស​ក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា​ បន្តជួយ​គាំទ្រឱ្យ​ក្លឹបយុវជន​ក្លាយជា​ថ្នាលមួយដើម្បី​បណ្ដុះបេះដូង​មនុស្សធម៌​ក្នុងជួរ​យុវជន និងនិស្សិត​នៅតាម​សាកលវិទ្យាល័យ។


២/ សូមក្លឹប​យុវជនទាំងអស់ ដែល​ជាកម្លាំងចលករ​ដ៏សំខាន់ ក្នុងការ​ចូលរួម​ការងារ​សង្គម បន្តធ្វើ​សកម្មភាពឱ្យបាន​ផុសផុល​បន្ថែមទៀត ដើម្បីធានា​បានការផ្តល់​សេវាមនុស្សធម៌​ប្រកប​ដោយ​ប្រសិទ្ធភាព។


៣/ សូមបន្ត​ពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន ឬអង្គការ​ចាត់តាំង​យុវជន​ដទៃទៀត ដែលមាននៅក្នុងសង្គម​ឬសហគមន៍។


៤/ សូមយកចិត្ត​ទុកដាក់ យកក្លឹប​យុវជន​កាកបាទក្រហម​កម្ពុជា ធ្វើជា​កន្លែង​សិក្សារៀន​សូត្រ បណ្តុះ​ជំនាញ បំណិនជីវិត។ល។ ពិសេស ជួយដល់​និស្សិត​ក្រីក្របំផុត ដោយមិន​ឱ្យមាននិស្សិត​ណាម្នាក់​បោះបង់​ការសិក្សាដោយ​បញ្ហាជីវភាពឡើយ។


៥/ សូមយុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់ ​មានសីលធម៌ សុជីវធម៌ គុណធម៌ ធ្វើជា​យុវជន​គំរូ ជួយដល់សង្គមជាតិ​ឱ្យមាន​សុខសន្តិភាព និងរីក​ចម្រើន​ទៅមុខ៕