អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កាកបាទក្រហម កម្ពុជាផ្តល់អំណោយជូនសមាគមតន្រ្តីសំនៀងជនពិការ


កក្រក​ ៖​ នៅព្រឹកថ្ងៃទី​ ១៣ ខែមិថុនា​ ឆ្នាំ២០១៧​ នេះ កាកបាទក្រហម កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់ថវិកា​ គ្រឿងឧបភោគ​-បរិភោគ​ សម្ភារៈ​ប្រើប្រាស់​ និងអាហារ​ថ្ងៃត្រង់​មួយពេល​ ជូនដល់​ជនពិការ​ចំនួន​ ៨៦នាក់​ នៃសមាគម​តន្ត្រីសំនៀង​ជនពិការ ​ដែលមាន​ទីតាំងស្ថិត​នៅភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្រៅ​ រាជធានីភ្នំពេញ។

 

ក្នុងឱកាស​ជួបសំណេះ​សំណាល​នោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា​ បាន​ពាំនាំ​ប្រសាសន៍​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើ​ការសួរសុខទុក្ខ​ ក្តីនឹករលឹក​ ជាពិសេស​ គិតគូរ​ពីការរស់​នៅប្រចាំថ្ងៃ​របស់ជន​ពិការទាំងអស់។​ ជាមួយគ្នា​នោះ​ លោកជំទាវ​ ក៏​បានផ្តាំ​ផ្ញើលើក​ទឹកចិត្ត ដល់​ការតស៊ូ​របស់​ក្រុមជនពិការ ដើម្បី​រស់នៅ​ក្នុងសង្គម​ដោយសេចក្តីថ្លៃថ្នូរ និងស្មើមុខ​ស្មើមាត់ ​ព្រមទាំង​អំពាវនាវ​ ដល់​សប្បុរសជន​ មេត្តាជួយឧបត្ថម្ភ​គាំទ្រ​បន្ថែមទៀត​ដល់​ជនពិការ ដើម្បីឈាន​ទៅលុប​បំបាត់ការ​រើសអើង​ចំពោះជន​ពិការ​នៅកម្ពុជាយើង។

 

លោក​ ចាប​ តូ​ តំណាងឱ្យ​ជនពិការ​ទាំងអស់​ បានសម្តែង​នូវការដឹងគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតា​មនុស្សធម៌​ តែងគិតគូរ​ យកចិត្តទុកដាក់​ និងជួយ​ឧបត្ថម្ភ​ដល់ក្រុម​ជនពិការ​ជាបន្តបន្ទាប់​ ដោយមិនមាន​ការរើសអើង​អ្វីឡើយ។

 

សូមបញ្ជាក់ថា​ អំណោយ​ប្រគល់ជូន​សមាគម​តន្ត្រីសំនៀង​ជនពិការ​រួមមាន​ ៖ អង្ករ ២តោន មីយើង ៥០កេស ត្រីខ ៥កេស ទឹកស៊ីអ៊ីវ ២៤ដប ទឹកត្រី ២៤ដប ​ទឹកបរិសុទ្ធ ១០កេស​ ទឹកក្រូច ១០កេស អាហារវីតាមីន​ ២០កេស និង​ថវិកា ៥លានរៀល។​ ដោយឡែក​ សម្រាប់​ជនពិការ​ទាំង​ ៨៦នាក់​ ក្នុងម្នាក់ៗទទួលបាន​ ៖ ថវិកា ៥ម៉ឺន​រៀល មុង១ ភួយ១ សារុង ១ ក្រមា១​ និងអាហារ​ថ្ងៃត្រង់​មួយពេល៕