អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រតិភូកាកបាទក្រហមកម្ពុជាចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរសម្តេចម៉ែ


កក្រក​ ៖​ នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧​ នេះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ បានដឹកនាំ​គណៈប្រតិភូ​ កាកបាទក្រហម​កម្ពុជា ​ចូលក្រាប​បង្គំគាល់​ និងថ្វាយព្រះ​ពរ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និងសុភមង្គល និង​ជាព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា​ សូមទ្រង់​មានព្រះកាយ​ពល​មាំមួន​ ព្រះបញ្ញាញាណ​វាងវៃ ព្រះសុខភាព​ល្អ​បរិបូរណ៍ ព្រះជន្មាយុ​យ៉ឺនយូរ ដើម្បី​គង់ប្រថាប់​ជាម្លប់ដ៏ត្រជាក់​ត្រជុំដល់​ប្រជារាស្ត្រ​ទូទាំងប្រទេស ជានិច្ច​និរន្តរ៍​តរៀងទៅ។

 

ក្នុងឱកាស​ដ៏មហា​នក្ខត្តឫក្ស​នោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ បាន ថ្វាយ​ថវិកា​ចំនួន ១០ម៉ឺនដុល្លារ​អាមេរិក ចំពោះ​សម្តេច​ព្រះមហាក្សត្រី​ ព្រះវររាជ​មាតាជាតិខ្មែរ​ ហើយដែល​ព្រះរាជទ្រព្យនេះ​ ព្រះអង្គ​ នឹងយកទៅ​កសាង​មន្ទីរពេទ្យ​នៅឬស្សីកែវ​ ដែលមន្ទីរពេទ្យ​នេះ​ គឺជាអតីត​ស្នាព្រះហស្ត​របស់​ សម្តេច​ព្រះវររាជបិតា​ជាតិខ្មែរ​ ព្រះបរមរតន​កោដិ​ នរោត្តម​ សីហនុ​ កាលពីសម័យ​សង្គម​រាស្ត្រនិយម។

 

ទន្ទឹមនឹងនោះ​ សម្តេច​ព្រះមហាក្សត្រី​ ព្រះវររាជមាតា​ជាតិខ្មែរ​ បានប្រោស​ព្រះប្រទាន ​នូវព្រះរាជទ្រព្យ​ចំនួន ៣ពាន់ដុល្លារ​អាមេរិក​សម្រាប់​ឧបត្ថម្ភ​ដល់​កាកបាទក្រហម​កម្ពុជា ក្នុងត្រីមាសទី​ ៣​ (ខែកក្កដា​ សីហា​ និងខែកញ្ញា) ឆ្នាំ២០១៧នេះ ដើម្បីចូលរួម​សកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា។

 

សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បាន​សម្តែងនូវគារវ​ភក្តីដ៏​ខ្ពង់ខ្ពស់បំផុត និង​ព្រះមហាករុណា ទិគុណយ៉ាង​ជ្រាលជ្រៅបំផុត​ និងសូមប្តេជ្ញា​ដង្ហែតាម លំអាន​ព្រះវីរគំរូ​ដ៏ប្រពៃ​ថ្លៃថ្លានៃ​ សម្តេច​ព្រះមហាក្សត្រី ​ព្រះវររាជ​មាតាជាតិ​ខ្មែរ ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់ ​ជារៀងដរាប៕