


កាកបាទក្រហមកម្ពុជា ចុះចែកអំណោយមនុស្សធម៌ជាស្បៀង និងសម្ភារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ២១០០ គ្រួសារ នៅខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងមន្ត្រីសាខា ព្រមទាំង សប្បុរសជនបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជាស្បៀងនិងសម្ពារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ១១៧០ គ្រួសារ មកពី ៥៥ ភូមិ នៅក្នុង ស្រុក កំពង់រោទិ៍ ស្រុក ស្វាយជ្រំ និងក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។
ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តនេះតែម្តង ។ បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំរួមចំណែកក្នុងការជួយសង្គ្រោះ ដល់ប្រជាជនបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ដែលបានធ្វើការឆ្លើយតបក្នុង ការជួយដល់ជនដែលរងគ្រោះដោយសារទឹកជំនន់ជាបន្តបន្ទាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការកោតសរសើរ ដល់អង្គការជាតិ និងអន្តរជាតិ ជាពិសេសសប្បុរសជនគ្រប់វិស័យដែលបាន ចូលរួមចំណែកនៅក្នុងវិស័យមនុស្សធម៌ ក្នុងរយៈពេលនៃគ្រោះទឹកជំនន់ថ្មីៗនេះ។
ឆ្លៀតក្នុងឪកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ ៖
១. អំពានាវ ដល់ក្រុមគ្រួសារសូមជួយអប់រំដល់កូនក្មួយ និងមនុស្សចាស់ៗឱ្យជៀសវាងពិការជាតិសុរា ដែលបានបង្ករអោយមានអត្រាស្លាប់ក្នុងពេលទឹកជំនន់នេះ និងសូមកុំ ប្រើប្រាស់គ្រឿងញៀនដែលជាបញ្ហាបង្ករឱ្យាមានអំពើហិង្សាក្នុងគ្រួសារ និងអត្រាស្លាប់។
២. ខិតខំដាំដំណាំបន្ថែមដើម្បីលើកតម្កើនសេដ្ឋកិច្ចក្នុងគ្រួសារក្រោយពេលទឹកស្រក។
៣. អំពាវនាវ ដល់ស្រ្តីមានផ្ទៃពោះ អោយទៅពិនិត្យសុខភាពអោយបានទៀងទាត់នៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពតាមការកំណត់របស់គ្រួពេទ្យ
៤. អំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ ទៅទទួលថ្នាំពន្យាអោយបានត្រឹមត្រូវ និងទៀងទាត់តាមការកំណត់របស់គ្រួពេទ្យ
៥. សូម មានការប្រុងប្រយ័ត្នជាពិសេសកុមារ ដោយមិនត្រូវអោយលេងជាមួយទឹកជំនន់ដើម្បីជៀសការលង់ទឹកដោយប្រការណាមួយ។
៦. សូម មានប្រុងប្រយ័ត្ន និងគោរពតាមច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយ អត្រាមរណជាពិសេសការបាត់បង់បន្ថែមទៀតនៃជីវិត ក្នុងពេលគ្រោះមហន្ថរាយទឹកជំនន់នេះ។
៧. សូម បរិភោគទឹកដែលដាំឆ្អិនអោយបានត្រឹមត្រូវមុនហ្នឹងធ្វើការបរិភោគ ដើម្បីជៀសវាងការ មាន ជំងឺដោយសារពិសារទឹកមានមេរោគ ដែលអាចបណ្តាលអោយមានការបាត់បង់ជីវិត និងបន្ថែម ការឈឺចាប់នៅក្នុងក្រុមគ្រួសារ។
៨ ត្រូវ ចេះថែទាំសុខភាពអោយបានល្អ ព្រមទាំងសូមឱ្យមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺឆ្លង ដែលអាចបណ្តាលឱ្យមានការចំណាយនូវទ្រព្យសម្បត្តិបន្ថែមទៀតក្នុង ការព្យាបាល។ក្នុង ករណីមានជំងឺ សូមបងប្អូនទៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
៩. អំពាវ នាវដល់គ្រួសារដែលស្នាក់នៅក្នុងផ្ទះទឹកទាំងអស់ សូមប្រុងប្រយ័ត្ន និង ពិនិត្យសភាពក្នុង ផ្ទះអោយបានហ្មតចត់មុនចូលផ្ទះ ជាពិសេសត្រូវពិនិត្យមើលសត្វដែលមានពិស ដូចជាសត្វ ពស់ជាដើម។
ជាទីបញ្ចប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សារុង១, ក្រមា ១, មុង ១, ភួយ ១, ក្រណាត់ស ១ដុំ, ទឹកបរិសុទ្ធ ៦ ដបធំ និងធុងដាក់ទឹក ១។
អត្ថបទដោយ៖ លោក តាំង សាមឿន