អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កាកបាទក្រហមកម្ពុជាផ្តល់អំណោយដល់កុមារីកំព្រានៅភូមិម័ល ខណ្ឌដង្កោ


កក្រក ៖​នៅព្រឹក​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​បានជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​-បរិភោគ​ សម្ភារៈ​សិក្សា​ និង​ថវិកា​មួយចំនួន​ ដល់កុមារី​ វីរៈ ពេជ្ររដ្ឋា​ អាយុ ៨ឆ្នាំ ជាក្មេង​កំព្រាម្តាយ​ដោយសារ​ ឪពុក​យកខ្សែ​រឹតក​ និងដុត​សម្លាប់ ​បណ្តាល​ឱ្យបាត់បង់​ជីវិត​ក្រោយបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យអស់​រយៈពេល​៦ថ្ងៃ​ ហើយ​ដែល​ហេតុការណ៍​នេះ​បានកើត​ឡើង​ កាលពី​ថ្ងៃទី​ ៦​ ខែ​មីនា​ ឆ្នាំ​២០១៧ ​កន្លង​ទៅ​នៅ​គេហដ្ឋាន​ដែល​ស្ថិត​នៅភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

ក្នុងឱកាស​ប្រគល់​អំណោយ​មនុស្សធម៌​នោះ ​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី​ ១ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំ​ផ្ញើការរំលែក​ទុក្ខក្តី​អាណិត​អាសូរ​ និង​សម្តែង​ការសោកស្តាយ​យ៉ាង​ក្រៃលែង​ ចំពោះ​ហេតុការណ៍​ដែលមិន​គួរ​ឱ្យកើត​មានទាល់​តែសោះ​ ហើយបាន​បន្សល់​ទុកកូន​កំព្រា​ដ៏គួរ​ឱ្យអាណិត​បែបនេះ​។ ទន្ទឹម​នឹងនេះ ​លោកជំទាវ​ បានផ្តាំ​ផ្ញើដល់​ លោកតា ស៊ឹម សត្ថា អាយុ​៧៣​ឆ្នាំ ​ត្រូវជា​ជីតា​បង្កើត​របស់​កុមារី​កំព្រា​ សូមបន្ត​ចិញ្ចឹមបីបាច់​ចៅស្រី​ឱ្យទទួល​បានសិក្សា​រៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ខ្លួន​ ព្រោះ​អំណោយ​ដែលបាន​ផ្តល់ជូន​ពេលនេះ​សម្រាប់ជួយ​សម្រាល​ទុក្ខលំបាក​បានមួយគ្រា​ប៉ុណ្ណោះ​។

 

ជីតា និងកុមារីកំព្រា មានក្តីរំភើប​យ៉ាងក្រៃលែង​ដោយបាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ជួយឧបត្ថម្ភ​ និងលើក​ទឹកចិត្ត​ឱ្យខិតខំ​ប្រឹងប្រែង​ចិញ្ចឹមជីវិត​រស់នៅ​ដើម្បី​អនាគត​យូរអង្វែង​ទៅមុខ​ទៀត៕