អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កាកបាទក្រហមកម្ពុជា សម្ពោធ អាគារថ្មីកម្ពស់ ៥ជាន់ របស់ អង្គការលើកស្ទួយប្រជាពលរដ្ឋ


កក្រក​ ៖​ នៅព្រឹក​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ​២០១៧ ​នេះ​លោកជំទាវ​ ឃួន​ សុដារី​ អនុ​ប្រធាន​កាកបាទក្រហម​កម្ពុជា​តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ រួមជាមួយ​ថ្នាក់ដឹកនាំ​-សហការី​ នៃ​កាកបាទក្រហម​កម្ពុជា​បានអញ្ជើញ​សម្ពោធ​ឱ្យប្រើប្រាស់​ជាផ្លូវការ​អាគារ​ថ្មី​កម្ពស់​ ៥ជាន់​ របស់​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ​ក្នុងឱកាស​គម្រប់​ខួបទី​១៥​ឆ្នាំ​របស់​អង្គការ​ព្រមទាំង​ជួបសំណេះ​សំណាល​សួរសុខទុក្ខ​ និង​រៀបចំ​អាហារ​ជូន​កុមារ​ គ្រូ-បុគ្គលិក​នៃអង្គការ​សរុបចំនួន១.៥៤៤នាក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់ធំ​១ សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

 

ក្នុងឱកាសនោះ ​លោកជំទាវ​អនុប្រធាន​កាកបាទក្រហម​កម្ពុជា ​បានពាំនាំ​ប្រសាសន៍​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើសួរ​សុខទុក្ខ​ ក្តីនឹករលឹក ​អាណិត​ ស្រឡាញ់ ​ចំពោះក្មួយៗ ​និងចៅៗ​កុមារទាំងអស់​ពិសេស ​ថ្លែងនូវ​ការកោត​សរសើរ​ចំពោះស្ថាបនិក ​និងគ្រូ-បុគ្គលិក​អង្គការ​ ដែលបាន​និងកំពុង​យកចិត្ត​ទុកដាក់​ ខិតខំ​អស់​កម្លាំងកាយ​-ចិត្ត ដើម្បី​ជួយដល់​កុមារកំព្រា ​និង​កុមាររស់​នៅក្នុង​គ្រួសារ​ក្រីក្រ ​ឱ្យមាន​ឱកាស​ទទួលបាន​សិទ្ធិ​ពេញលេញ​ក្នុងការរស់រាន​មានជីវិត​ សិទ្ធិ​ទទួលបាន​ការអប់រំ សិទ្ធិ​ការពារ​ និងសិទ្ធិ​ក្នុងការ​ចូលរួម​នានា។

 

លោកជំទាវ​ បានបញ្ជាក់ថា ​កាកបាទក្រហម​កម្ពុជា​ ក្នុងនាម​ជាជំនួយការ​ឱ្យអាជ្ញាធរ​សារធារណៈ​ បាន និងកំពុង​ចូលរួម​ពន្លឿន​កាត់បន្ថយ​ភាពក្រីក្រ ​ដើម្បីកាត់​បន្ថយភាព​ងាយរងគ្រោះ​ និងលុបបំបាត់​ការរំលោភ​បំពាន​ ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ និងអំពើ​ហិង្សា​ លើកុមារ​។ល។

ជាមួយគ្នានេះ​ លោកជំទាវ ​បានផ្តាំផ្ញើ​ដល់កុមារ​ទាំងអស់​ ត្រូវប្រឹងប្រែង​ សិក្សារៀនសូត្រ​ និង​អភិវឌ្ឍ​ខ្លួនដើម្បីអនាគត​ភ្លឺស្វាង​របស់ខ្លួន ​ហើយជៀស​ឱ្យឆ្ងាយ​ពីគ្រឿងញៀន​ ពីមេរោគអេដស៍​ និងគ្រោះថ្នាក់​ចរាចរណ៍​ ដែលជា​ឃាតករ​ដ៏សាហាវ ​និងត្រូវចេះ​ជួយយក​អាសារគ្នា​ សាមគ្គីគ្នា ​ផ្តល់ក្តី​ស្រឡាញ់​ឱ្យគ្នា​ទៅវិញ​ទៅមក។

 

សូមបញ្ជាក់ថា កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន បានឧបត្ថម្ភ​ជូនអង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់ ​ក្នុងនោះ ៖


- បានផ្តល់អំណោយ​ជាគ្រឿង​ឧបភោគ-បរិភោគ សម្ភារៈ​ប្រើប្រាស់ និងរៀបចំ​អាហារ​ដល់កុមារ។
- បានផ្តល់​ថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) សម្រាប់សាងសង់​អគារថ្មី​កម្ពស់ ៥ជាន់។
- បានផ្តល់រថយន្ត​សម្រាប់ដឹកសិស្ស​ចំនួន ២គ្រឿង។


- បានបំពាក់ជូន​នូវ តុ-កៅអី សម្រាប់គ្រូ និងសិស្ស និងតុ-កៅអី សម្រាប់ផ្ទះបាយ។

គួររំលឹក​ផងដែរថា​ អង្គការលើកស្ទួយ​ប្រជាពលរដ្ឋ​ មានមណ្ឌល​ស្ថិតនៅ​ស្ទឹងមានជ័​យ ដែលមាន​កុមារ ៨៦០នាក់ និង​បុគ្គលិក ៥៤នាក់​ និងមានសាខាចំនួន​ ២ទៀត​ ក្នុងនោះ​សាខា​បុរីកីឡា មានកុមារ ៣៤១នាក់ បុគ្គលិក ៩នាក់, និងសាខា​បុរីសន្តិភាព​២ មានកុមារ ២៧១នាក់ បុគ្គលិក ៩នាក់៕