


កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅស្រុកអូរជ្រៅ
កក្រក ៖នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី លោកជំទាវ ឆាន់ ច័ន្ទសោភា អនុប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា សាខានិងអនុសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣៣៦គ្រួសារ មកពីឃុំចំនួនបីរួមមានឃុំចង្ហា ឃុំសិង្ហ និងឃុំសូភី នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តពោធិ៍សម្ភារជ្រៃឈូក។
នៅក្នុងឱកាសសំណេះសំណាលជាមួយគ្រួសារទទួលផលឯកឧត្តមវេជ្ជ.បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំងអស់ និងបានណែនាំដល់បងប្អូនសូមថែរក្សាអនាម័យ ពិសារទឹកឆ្អិន និងគេងក្នុងមុងជានិច្ច។ ជាងនេះទៅទៀត សូមបងប្អូនទាំងអស់មានស្មារតីប្រុងប្រយ័ត្នជានិច្ចនៅពេលធ្វើដំណើរទៅទីជិតឬឆ្ងាយ។ បន្ថែមពីលើនេះទៀត សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងកុំពិសារគ្រឿងស្រវឹង។ រឹតតែពិសេសជាងនេះទៀត សូមការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ និងកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍ ព្រមទាំងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចនូវគ្រាប់មីនមិនទាន់ផ្ទុះ។
ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ រំភើបរីករាយក្រៃលែង និងបានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន ជានិច្ចកាលតែងតែយកព្រះទ័យ និងចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ គ្រប់ទិសទីដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលចែកជូនគ្រួសារនីមួយៗមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ដោយឡែកអ្នកពិការ និងចាស់ជរាមួយចំនួន ទទួលបានថវិកាមួយចំនួនបន្ថែមទៀត។