អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាជនងាយរងគ្រោះនៅខេត្តកំពង់ឆ្នាំងទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក​៖​នៅព្រឹក​ថ្ងៃទី​៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា​អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខទុក្ខ​ និង​ផ្តល់អំណោយ​មនុស្សធម៌​ជូន​ដល់​អ្នកផ្ទុក​មេរោគអេដស៍ ​ចាស់គ្មាន​ទីពឹង​ ស្ត្រីមេម៉ាយ​ កុមារ​កំព្រា និង​គ្រួសារ​ជនពិការ​ចំនួន​១២៧៨គ្រួសារ​ មកពី​ស្រុកសាមគ្គី​មានជ័យ​ ស្រុក​កំពង់ត្រឡាច​ និង​ស្រុកទឹកផុស​ នៃ​ខេត្ត​កំពង់ឆ្នាំង​ ដែលពិធី​នេះប្រព្រឹត្ត​ទៅនៅ​ភូមិថ្នល់​ ឃុំក្រាំងល្វា​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង។

 

ក្នុងឱកាសនោះ​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ថ្នាក់​ដឹកនាំ​ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ និង​សប្បុរសជន​ជាតិ-អន្តរជាតិ​ ដែលតែងតែ​ផ្តល់ការ​ជឿទុកចិត្ត​មកលើ​បេសកកម្ម​កាកបាទក្រហម​កម្ពុជា​ និង​ជួយឧបត្ថម្ភ​គាំទ្រ​ជាបន្ត​បន្ទាប់។

 

ទន្ទឹមនឹងនោះ​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប្រធាន​បានផ្តល់​អនុសាសន៍​សំខាន់​ចំនួនប្រាំ​ដូចខាងក្រោម​ ៖

 

១/​ សូម​ប្រជាពលរដ្ឋ​ទាំងអស់ និងអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​ ចូលរួម​ទប់ស្កាត់​ និងលុបបំបាត់​គ្រឿងញៀន​ ល្បែងស៊ីសង​ គ្រឿងស្រវឹង​ ។ល។​ ដែលជា​មូលហេតុ​នៃអំពើ​ហិង្សា​ក្នុងគ្រួសារ​ អំពើចារកម្ម ចោរកម្ម​ និងឈានដល់​សម្លាប់មនុស្ស​ជាដើម។

 

២/ សូម​អ្នកផ្ទុកមេរោគ​អេដស៍​ទាំងអស់​ អញ្ជើញ​ទៅមណ្ឌលសុខភាព ​ឬមន្ទីរពេទ្យ​ឱ្យបានទៀងទាត់ ​ទៅតាម​កាលកំណត់​របស់គ្រូពេទ្យ ​ហើយ​បើយើង​ជាអ្នកផ្ទុក​ សូមកុំចម្លង​ទៅអ្នក​ដទៃទៀត​។​ ចំពោះអ្នក​មានផ្ទៃពោះ ត្រូវទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ និងសម្រាលកូន​នៅមណ្ឌលសុខភាព ​ដើម្បី​កុំឱ្យឆ្លង​ពីម្តាយ​ទៅទារក។ ចំណែក ស្ត្រីមាន​ផ្ទៃពោះទូទៅ ត្រូវទៅ​ពិនិត្យសុខភាព​ឱ្យបាន​ទៀងទាត់ ​ហើយត្រូវ​សម្រាលកូននៅ​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យ​ដើម្បីសុខភាព​ទាំងម្តាយ​ និងទារក។

 

៣/ សូម​ប្រជាពលរដ្ឋ​ក្នុងគ្រួសារ​នីមួយៗ​យកចិត្តទុកដាក់​ គិតគូរ​ពីសុខភាព​រស់នៅ​ប្រចាំថ្ងៃ​ ដោយត្រូវ​ពិសារ​ទឹកឆ្អិន និងមាន​អនាម័យ​ជុំវិញផ្ទះ ដើម្បីជួយ​សម្រាល​អត្រាឈឺ​ក្នុងផ្ទះ និង​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ។

៤/ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់ពេលវេលា ​ព្រោះ​គ្រោះថ្នាក់ចរាចរណ៍​នៅតែជា​កត្តា​ព្រួយបារម្មណ៍​ជាងគេ​បំផុត​នៅកម្ពុជា។

 

៥/​ សូមលោក​យាយលោកតា​​ និង​អាណាព្យាបាល​ទាំងអស់​ដែលមាន​កូនគ្រប់​អាយុ​ចូលរៀន​ ត្រូវបញ្ជូន​កូនៗ​ទៅរៀន​ឱ្យបាន​គ្រប់ៗគ្នា​ ហើយ​ណែនាំ​ពួកគេ​ឱ្យជៀសឆ្ងាយ​ពីការសេព​គប់​មិត្ត​មិនល្អ​ ឬ​ដើរ​ផ្លូវខុស។

 

អំណោយ​ជូនគ្រួសារ​នីមួយៗ​រួមមាន ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម និងថវិកា១មុឺនរៀល។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀល​ទៀត​ ជាអំណោយរបស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត៕