


កាកបាទក្រហមកម្ពុជាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារីលង់ទឹកនៅខេត្តព្រះសីហនុ
កក្រក៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារី ទាំង៧នាក់ ដែលបានលង់ទឹកស្លាប់ស្ថិតនៅក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំការរំលែកទុក្ខ សោកស្តាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមសម្ដែងនូវទុក្ខយ៉ាងក្រៀមក្រំ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមឲ្យវិញ្ញាណក្ខន្ធរបស់ កុមារីទាំង៧ រួមាន៖ កុមារីទី១៖ ឈ្មោះ សិត ស្រម៉ៅ ភេទស្រី អាយុ៦ឆ្នាំ, កុមារីទី២៖ ឈ្មោះ ពោល គា ភេទស្រី អាយុ១០ឆ្នាំ, កុមារីទី៣៖ ឈ្មោះ ហួរ ស្រីគឹម ភេទស្រី អាយុ៧ឆ្នាំ, កុមារីទី៤៖ ឈ្មោះ ច្រាំង ស៊ីអ៊ី ភេទស្រី អាយុ១៣ឆ្នាំ, កុមារីទី៥៖ ឈ្មោះ ជា សុខនឿន ភេទស្រី អាយុ៧ឆ្នាំ, កុមារីទី៦-ឈ្មោះ ម៉េង ស្រីនុច ភេទស្រី អាយុ៦ឆ្នាំ និងកុមារីទី៧៖ ឈ្មោះ ហ៊ឹម ស្រីម៉ឺប ភេទស្រី អាយុ៧ឆ្នាំ
បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ កុំបីឃ្លៀងឃ្លាតឡើយ។ លោកជំទាវអគ្គលេខាធិការ បានប្រគល់គ្រឿងឧបភោគ-បរិភោគមួយចំនួនជូនគ្រួសារសពកុមារីទាំង៧ និងកុមារា និងកុមារីចំនួន៣នាក់ ដែលរួចពីស្លាប់ក្នុងគ្រោះថ្នាក់នៃការលង់ទឹកនោះដែរ។
ជាកិច្ចឆ្លើយតបឪពុក-ម្តាយក្រុមគ្រួសារសពកុមារីទាំង៧ បានលើកដៃប្រណម្យសម្ដែងនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តជ្រះថ្លា សណ្តោសប្រណី បានចាត់ឲ្យសហការី នាំយកបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ មកចូលបុណ្យ និងសូមជូនពរដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕