


កាកបាទក្រហមកម្ពុជាប្រារព្ធទិវាជាតិសុខភាពមាតា ទារក
កក្រក ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហ ប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ បានប្រារព្ធទិវាជាតិ សុខភាពមាតា ទារក និងកុមារ ដោយមានការអញ្ជើញចូលរួមពីមន្ត្រី-បុគ្គលិកកាកបាទក្រហម កម្ពុជា ទីស្នាក់ការកណ្តាល សាខាខេត្ត កណ្តាល និងអនុសាខាស្រុកលើកដែក ព្រមទាំង អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ស្ត្រីមានផ្ទៃពោះ និងមានកូនតូច សរុបប្រមាណ ២១០នាក់ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនស្ត្រីទាំងអស់ដែលបានចូលរួមនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម កម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងអានសារលិខិតទាំងស្រុង របស់សម្តេចប្រធាន ដោយគូសបញ្ជាក់ពីអនុសាសន៍សំខាន់បីគឺ ៖
១/ សូមឱ្យស្ត្រីមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះតាមកាលកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំទាំងអស់ឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។
២/ សូមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ ពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាពដើម្បីកាត់បន្ថយការស្លាប់របស់មាតា ការស្លាប់របស់ទារកក្នុងផ្ទៃ ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារក្រោមអាយុ៥ឆ្នាំ ឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់ទុក។
៣/ សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
ក្នុងឱកាសនោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន១៨១នាក់ ក្នុងម្នាក់ៗទទួលបានអំណោយមនុស្សធម៌ ៖ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០.០០០រៀល (មួយម៉ឺនរៀល)៕