


កាកបាទក្រហមកម្ពុជា ចុះចែកអំណោយមនុស្សធម៌ជាស្បៀងសម្ភារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ១៩៨១ គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងមន្ត្រីសាខា សប្បុរសជនជាតិ និងអន្តរជាតិ បានអញ្ជើញចុះចែកអំណោយសង្គ្រោះបន្ទាន់ជាស្បៀងសម្ពារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ១៩៨១ គ្រួសារ ស្មើហ្នឹង ៩៣៨៩ នាក់ មកពី ៥៧ ភូមិ នៅ ខេត្តបន្ទាយ មានជ័យ។
ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តនេះតែម្តង ។ បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំរួមចំណែកក្នុងការជួយសង្គ្រោះ និងជំលៀសប្រជាជនបានទាន់ពេលវេលាទៅកាន់ទីទូលសុវត្ថិភាព។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យដែលបានធ្វើការឆ្លើយ តបក្នុងការជួយដល់ជនដែលរងគ្រោះដោយសារទឹកជំនន់ ជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឪកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ ៖
- សូមបរិភោគទឹកដែលដាំឆ្អិនអោយបានត្រឹមត្រូវមុនហ្នឹងធ្វើការបរិភោគ ដើម្បីជៀសវាងការមាន ជំងឺដោយសារពិសារទឹកមានមេរោគ ដែលអាចបណ្តាលអោយមានការបាត់បង់ជីវិត និងបន្ថែម ការឈឺចាប់នៅក្នុងក្រុមគ្រួសារ។
- ត្រូវចេះថែទាំសុខភាពអោយបានល្អ ព្រមទាំងសូមឱ្យមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺឆ្លង ដែលអាចបណ្តាលឱ្យមានការចំណាយនូវទ្រព្យសម្បត្តិបន្ថែមទៀតក្នុងការព្យាបាល។ក្នុង ករណីមានជំងឺ សូមបងប្អូនទៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
- អំពាវនាវដល់គ្រួសារដែលស្នាក់នៅក្នុងផ្ទះទឹកទាំងអស់ សូមប្រុងប្រយ័ត្ន និង ពិនិត្យសភាពក្នុង ផ្ទះអោយបានហ្មតចត់មុនចូលផ្ទះ ជាពិសេសត្រូវពិនិត្យមើលសត្វដែលមានពិស ដូចជាសត្វ ពស់ជាដើម។
ជាទីបញ្ចប់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សារុង១, ក្រមា ១, មុង ១, ភួយ ១, ក្រណាត់ស ១ដុំ, ទឹកបរិសុទ្ធ១ កេស។
អត្ថបទដោយ៖ លោក តាំង សាមឿន