អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

អង្គការលើកស្ទួយប្រជាពលរដ្ឋទទួលថវិកាសម្រាប់ទិញសម្ភារៈសិក្សាពីកាកបាទក្រហមកម្ពុជា


 នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន $១៨,០៦០ (មួយម៉ឺនប្រាំបីពាន់ហុកសិបដុល្លារអាមេរិក) ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ជូនអង្គការលើកស្ទួយប្រជាពលរដ្ឋ ដើម្បីទិញ តុ និង កៅអីចំនួន ៣១៨ឈុត ជូនសិស្ស និងគ្រូ សម្រាប់បំពាក់នៅអគារសិក្សាថ្មីមួយខ្នងកម្ពស់ ៦ជាន់ ដែលមានអាស័យដ្ឋានស្ថិតនៅ ផ្ទះលេខ ២២៤MC ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល យកចិត្តទុកដាក់ គិតគូរ និងលើកទឹកចិត្ត ជាច្រើនលើកច្រើនសារ ពិសេស ជំរុញក្មួយៗកុមារឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិនាពេលអនាគត។

 

លោកស្រី បានបន្តថា ទាំងនេះ គឺជាគុណបំណាច់ដ៏ធំធេងបំផុត ដែលសិស្ស គ្រូ និងអាណាព្យាបាលសិស្ស បានទទួលពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាក់ស្តែង អគារសិក្សាថ្មីនេះ អាចសាងសង់លេចជារូបរាងឡើង ដោយសារថវិកាឧបត្ថម្ភរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥ម៉ឺនដុល្លារ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ និងសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅបានឧបត្ថម្ភ ឡាន Bus ៤៥កៅអី ១គ្រឿង និងឡានវ៉ែន ១២កៅអី ១គ្រឿងផងដែរ។ ដោយឡែក នៅឆ្នាំ ២០១៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ទិញសំលៀកបំពាក់សិស្សចំនួន ១៣០០កំប្លេ ទៀតផង។

 

សូមបញ្ជាក់ថា អង្គការលើកស្ទួយប្រជាពលរដ្ឋ ទីតាំងបីកន្លែងស្ថិតនៅ បុរីកីឡា បុរីសន្តិភាព២ និងទីតាំងស្ទឹងមានជ័យ នេះ ដែលមានសិស្សសរុបចំនួន ១៤០០នាក់ សុទ្ធសឹងជាកុមាររើសអេតចាយ និងកុមារក្រីក្រ។ អង្គការនេះ បានប្រើប្រាស់កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្រៀនសិស្សពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី ៧ ជាភាសាខ្មែរ ភាសាអង់គ្លេស និងជំនាញផ្សេងៗ៕