


កាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងជូនដល់ អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្នានទីពឹង កុមារកំព្រា និងគ្រួសារជនពិការ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា អមដំណើរដោយសប្បុរសជន សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងមន្ត្រីសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងគ្រួសារជនពិការ ចំនួន ៦០៣ គ្រួសារ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបានសម្តែងនូវការនឹករលឹកដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ស្រុកថ្ពង ហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន ចំពោះការខិតខំរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដល់ប្រជា ជនទូទាំងប្រទេសក្នុងរយៈកាល ៣៤ឆ្នាំកន្លងមកនេះ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ បានថ្លែងអំណរគុណដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដែលបានចូលរួមជួយដល់ជនដែលងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាខ្យល់កន្ត្រាក់ នាពេលកន្លងមកនេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន ធ្វើការអំពាវនាវដល់គ្រួសារទាំងអស់ សូមបរិភោគទឹកដែលដាំឆ្អិនត្រឹមត្រូវ និងសូមឱ្យមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺឆ្លង ដែលអាច បណ្តាលឱ្យមានការចំណាយនូវទ្រព្យសម្បត្តិក្នុងការព្យាបាល ហើយក៏អាចឈានដល់ការបាត់បង់ជីវិតផងដែរ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ នៅតែសំណូមពរដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ សូមមេត្តាកុំបន្តចម្លងមេរោគនេះដល់អ្នកដទៃ ហើយសំណូមពរឱ្យអ្នកទាំងអស់នោះទៅទទួលថ្នាំពន្យា និង ខិតខំថែរក្សាសុខភាពខ្លួនឱ្យបានប្រសើរឡើង ដោយឡែកចំពោះស្ត្រីដែលមានផ្ទៃពោះផ្ទុកមេរោគអេដស៍ សូមមេត្តាទៅពិគ្រោះជាមួយគ្រូពេទ្យ ហើយធ្វើការ សម្រាលកូននៅមន្ទីរពេទ្យបង្អែក ដើម្បីជួយបង្ការការឆ្លងពីមាតាទៅទារក។ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន លើកទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ទាំងឡាយ សូមជួយចូលរួមអប់រំដល់ក្រុមគ្រួសារ និងប្រជាជន ដែលរស់នៅក្នុងសហគមឱ្យស្គាល់ពីទុកលំបាក់នៃការឆ្លងមេរោគអេ ដស៍។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ បានអំពាវនាវដល់មាតាបិតាទាំងអស់ សូមជួយធ្វើការអប់រំដល់កូនរបស់ខ្លួន ឱ្យដើរជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់គ្រឿងស្រវឹង និងមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងមិនត្រូវប្រព្រឹត្តនូវរាល់ល្បែងស៊ីសង គ្រប់ប្រភេទ។ ជាងនេះទៅទៀតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកទឹកចិត្តឱ្យប្រជាជនទាំងអស់គ្នាមេត្តាគោរពនូវច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពេលធ្វើដំណើរតាមផ្លូវ ។
ជាទីបញ្ចប់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា ១ មុង ១ ភួយ ១ ក្រណាត់ស ១ ទឹកបរិសុទ្ធឪរ៉ាល់ ១ ដប ប្រេងឆា ១ដប ថវិកា ២០០០០ រៀល ។
អត្ថបទដោយ៖ លោក តាំង សាមឿន