


យុទ្ធនាការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៌នៅខេត្តសៀមរាប
សៀមរាប៖ នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៦ នេះ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំនួន ១២នាក់ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដោយចែកខិត្តប័ណ្ណ និងស្ទីកឃ័រសារអប់រំ “បើពិសាគ្រឿងស្រវឹង កុំបើកបរ” នៅតាមតំបន់គោលដៅមួយចំនួនក្នុងក្រុងសៀមរាប។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដោយ ជួយក្រើនរំលឹកដល់អ្នកបើកបរដែលកំពុង ធ្វើចរាចរណ៍នៅតាមដងផ្លូវ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ឱ្យគោរពច្បាប់ចរាចរណ៍ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង កុំជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ និងកុំបើកបរលើសល្បឿនកំណត់។