


យុវជន កាកបាទក្រហមកម្ពុជាចូលរួម គម្រោងសុវត្ថិភាពចរាចរណ៍យុវជន កាកបាទក្រហមកម្ពុជា
សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩នេះ គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយមានយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖ ស្តុបណានជីង ស្តុបដេអិន ស្តុបសន្ធរម៉ុក ស្តុបទេពផន និងស្តុបផ្សារមាន់អាំង ។
នៅតាមបណ្តាស្តុបគោលដៅនីមួយៗ យុវជនយើងខ្លះបានឈរកាន់ទង់បញ្ជាចរាចរណ៍ ខ្លះឈរអំពាវនាវតាមឧឃោសនស័ព្ទ ខ្លះឈរកាន់បដាដែលមានខ្លឹមសារពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ ខិតខំដោយយកចិត្តទុកដាក់ ក្នុងគោលបំណងសំដៅជួយដាស់តឿនក្រើនរំលឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋយើងដែលធ្វើដំណើរតាមដងផ្លូវសូមមានការភ្ញាក់រលឹក ចេះគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងបើកបរត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ និងជាពិសេសក្នុងន័យសំដៅរួមគ្នាធ្វើឱ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុងប្រទេសយើងទាំងមូលមានរបៀបរៀបរយ និងធ្វើដំណើរប្រកបដោយសុវតិ្ថភាព ៕