


សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សួរសុខទុក្ខ គ្រួសារក្រីក្រ ចាស់ជរា ស្ថិតនៅឃុំវឌ្ឍនៈ ស្រុកសំបូរ
សាខាកក្រកខេត្តក្រចេះ ៖ នៅរសៀលថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដឹកនាំដោយ លោក ទេព វាសនា សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ទៅចែកជូនគ្រួសារក្រីក្រ ចាស់ជរា ចំនួន ១១ គ្រួសារ ស្ថិតនៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងឱកាសនោះលោកបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ បន្ថែមលើនេះទៀតកាកបាទក្រហមកម្ពុជា បានឆ្លើយតបនិងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ជាពិសេសជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ជាដើម។
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, សារុង១, មុង១, ភួយ១, ក្រមា១, មី១កេស, ត្រីខ១០កំប៉ុង, ខោអាវមួយចំនួន និងថវិកា ៤០.០០០ រៀល៕