


វគ្គផ្សព្វផ្សាយអប់រំក្នុងសហគមន៍អំពីការបង្ការ និងការពារជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋ នៅភូមិ តាវែង ឃុំ តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី
សាខា កក្រក ខេត្តរតនគិរី៖ នៅរសៀល ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ លោក ឌឹម ណាត នាយក សាខាកាកបាទក្រហម ខេត្តរតនគិរី បានដឹកនាំមន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តប្រចាំស្រុកតាវែង ចំនួន ១៧ នាក់ ស្រី ៧ នាក់ ចុះផ្សព្វផ្សាយអប់រំក្នុងសហគមន៍អំពីការបង្ការ និងការពារជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋប្រមាណចំនួន ១៥៥ នាក់ នៅភូមិ តាវែង ឃុំ តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
ឆ្លៀតក្នុងឱកាសនោះ លោកនាយកក៏បានជម្រាបជូន ពីប្រវត្តិចលនាកាកបាទ ក្រហម អឌ្ឍចន្ទក្រហម និងសកម្មភាពនានាតាមវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា ។ បន្ទាប់មកក៏បានផ្តល់ជូនសារសំខាន់ៗទាក់ទងនឹងការការពារ និងការត្រៀមបង្ការជំងឺគ្រុន ឈាមរួមមាន៖
-ដើម្បីការពារជំងឺគ្រុនឈាម ត្រូវរួមគ្នាបំបាត់ជម្រកមូសខ្លាតាមរយៈការកាប់ឆ្ការព្រៃ និង លាងសំអាតពាងឬអាងទឹក ហើយគ្របវាអោយបានជិតល្អ
-កប់ឬកម្ទេចចោលវត្ថុដក់ទឹកនៅ ជិតផ្ទះ ដូចជាសំបកកំប៉ុង សំបកកង់ឡាន-ម៉ូតូ ។ល។
-ត្រូវសម្រាន្តក្នុងមុងជានិច្ច និងស្លៀកពាក់ខោអាវអោយជិតៗ
-ករណីសង្ស័យថាអ្នកជំងឺមានជំងឺ គ្រុនឈាម ដោយមានរោគសញ្ញាដូចក្នុងខិត្តប័ណ្ណ ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ/មណ្ឌលសុខភាពដើម្បីទទួលការព្យាលបាលអោយបានត្រឹមត្រូវ។
ផងដែរលោកនាយកក៏បានណែនាំបន្ថែមដល់អ្នកស្ម័គ្រចិត្ត ជួយណែនាំបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួន អោយបានយល់ និងការចូលរួម ទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមទាំងអស់គ្នា ។ ក្នុងនោះសាខាបានចែកជូន ខិត្តប័ណ្ណ អប់រំអំពីការបង្ការ និងការពារជំងឺគ្រុនឈាម និង សាប៊ូដុំសម្រាប់លាងដៃដល់អ្នកចូលរួមទាំងអស់ ផងដែរ។