


កាកបាទក្រហមកម្ពុជា ទទួលថវិកា ពីសប្បុរសជនដើម្បីអបអរទិវា ៨ ឧសភា ឆ្នាំ២០១៩
នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសវនាការជាមួយសប្បុរសជន និងទទួលអំណោយជាថវិកាសរុបប្រមាណ ៣៥០,០០០ដុល្លារ (សាមសិបប្រាំម៉ឺនដុល្លារអាមេរិក) ក្នុងឱកាសអបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំ ❤️កាកបាទក្រហមកម្ពុជា» ។ ថវិកាដែលបានទទួលរួមមាន៖
១/ ថវិកាចំនួន ១,០០០,០០០,០០០រៀល (មួយពាន់លានរៀល) ពីក្រុមហ៊ុនកម្ពុជាតេលា TELA CAMBODIA CO.,LTD ដែលដឹកនាំដោយលោកឧកញ៉ា ឈុន អូន ប្រធានប្រតិភូ និងជាអគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា។
២/ ថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសរបស់តែវ៉ាន់ (TAITRA) ដែលដឹកនាំដោយលោក លូ គឺហ្ស៊ីង Mr. Lo Kuei Hsing ប្រធានប្រតិភូ និងជាសមាជិកក្រុមប្រឹក្សាភិបាលប្រចាំខេត្ត Maoli ។
៣/ ថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន ស៊ីន នីវ អ៊ិន វេស មេន (Hsin Niu Investment CO.,LTD) ដែលដឹកនាំដោយលោក ភីធឺ វ៉ាង (Peter Wang) ប្រធានប្រតិភូ និងជាអគ្គនាយកក្រុមហ៊ុន។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ប្រកបដោយសទ្ធាជ្រះថ្លារបស់សប្បុរសជនទាំងអស់ ដែលតែងតែជឿជាក់ និងជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិមួយនេះមានធនធានហិរញ្ញវត្ថុសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំពាវនាវដល់សប្បុរសជនជាតិ-អន្តរជាតិដទៃទៀត អញ្ជើញចូលរួមឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ខាងមុខនេះ ដែលនឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាកបាទក្រហមកម្ពុជាអាចសម្រេច ជោគជ័យបេសកកម្មមនុស្សធម៌ក្នុងការបន្តជួយដល់ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ទន្ទឹមនឹងនេះ សប្បុរជនទាំងអស់ បានសម្តែងនូវការអរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងនាំយកអំណោយមកចូលរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់បំផុត៕