


សន្និបាតយុវជនកាកបាទក្រហមកម្ពុជា លើកទី ៣
នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៤ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា មានប្រារព្ធពិធីបើកសន្និបាតយុវជនលើកទី៣ ក្រោមអធិបតីភាពរបស់ លោកជំទាវ អាន្នី សុខអាន អនុប្រធានទី ១ កាកបាទក្រហមកម្ពុជា ដោយមាន ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ទទួលបន្ទុកការងារ យុវជន ដឹកនាំអង្គសន្និបាត ដែលមានរយៈពេល ១ថ្ងៃ។ អង្គសន្និបាតមានការចូលរួមពីសមាជិកពេញសិទ្ធិ ចំនួន ១៦៩នាក់ ដែលជាតំណាងមកពីសាខា ២៥ ខេត្ដ-រាជធានី តំណាងទីប្រឹក្សាយុវជន និងគ្រឹះស្ថានឧត្តមសិក្សា។ ភ្ញៀវកិត្តិយស និងអ្នកសង្កេតការណ៍ចំនួន ១៥៤នាក់ រួមមានតំណាងសហព័ន្ធអន្ដរជាតិប្រចាំភូមិភាគ ប្រចាំតំបន់ និងការិយាល័យឥណ្ឌូនេស៊ី គណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម បណ្តាញយុវជនកាកបាទក្រហមមកពី សិង្ហបូរី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ វៀតណាម មន្ដ្រី-បុគ្គលិកទីស្នាក់ការ កណ្ដាល នាយក-នាយិកាសាខាខេត្ដ-រាជធានី តំណាងយុវជន និងអ្នកស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជាទាំង ២៥ ខេត្ដ-រាជធានី។
សន្និបាតយុវជនលើកទី ៣ នេះ មានរបៀបវារៈ ៣ ជាសំខាន់ៈ ទី ១- ឆ្លង និងអនុម័តរបាយការណ៍ សកម្មភាពយុវជនកាកបាទក្រហមកម្ពុជា ២០១០-២០១៤ និងទិសដៅការងារបន្ត ទី ២- ឆ្លង និងអនុម័តសេចក្ដីកែសម្រួលគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា ទី ៣- បោះឆ្នោតជ្រើសរើសតំណាងយុវជន ១ រូប ចូលជាស្វ័យប្រវត្តិក្នុងគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា អាណត្តិទី ៦ យោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា ជំពូក ៤ មាត្រាទី ១៤ ចំនុច គ។
សម្រាប់របៀបវារៈទី ១ គឺជាការផ្តល់ឱកាសឲ្យតំណាងយុវជនអញ្ជើញមកពីសាខា កក្រក រាជធានី-ខេត្តទាំងអស់ បានជួបជុំគ្នាផ្លាស់ប្តូរនូវព័ត៌មាន បទពិសោធន៍ ពិសេសការត្រួតពិនិត្យឡើងវិញទៅលើសមិទ្ធផលការងារធំៗរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលសម្រេចបានក្នុងរយៈពេលកន្លងមកពីឆ្នាំ ២០១០-២០១៤ និង បានដាក់ចេញនូវទិសដៅការងារបន្ដស្របតាមទិសយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា។ របៀបវារៈទី ២ ដោយឈរលើមូលដ្ឋាននៃការអនុវត្តជាក់ស្ដែងនៅតាមសាខារាជធានី-ខេត្ត គ្រឹះស្ថានសិក្សា និងសហគមន៍ និងអនុម័ត លើសេចក្តីព្រាងវិសោធនកម្មគោលនយោបាយ ដើម្បីជំរុញឲ្យយុវជនក្លាយធនធានមនុស្សដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្លាយជាកម្លាំងស្នូលពិតប្រាកដរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ ជនរងគ្រោះ និងជនងាយរងគ្រោះ។ ដោយឡែករបៀបវារៈទី ៣ គឺការបោះឆ្នោតជ្រើសរើសតំណាងយុវជន ១រូប ចូលជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី ៦ ដើម្បីជាតំណាងឲ្យសំឡេងនៃ ការសម្រេចចិត្ត ដើម្បីផលប្រយោជន៍របស់យុវជនកាកបាទក្រហមកម្ពុជា ទូទាំង ២៥ សាខារាជធានី-ខេត្ត។
កម្មវិធីពេលព្រឹកនៃសន្និបាតយុវជន បានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាទីព្រឹក ដោយបានឯកភាពជា ឯកច្ឆ័ន្ទទៅលើរបៀបវារៈទាំង ៣ និងបានជ្រើសរើសតំណាងយុវជន ១រូប ចូលជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី ៦ ដោយស្វ័យប្រវត្តិ។