


កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ អ្នកស្រី កប កក្កដា ដែលទើបសម្រាលកូនហើយមានជំងឺដុះសាច់សុដន់ធ្ងន់ធ្ងរ កំពុងសម្រាកវះកាត់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត
កក្រក ៖ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបសួរសុខទុក្ខជាមួយលោក គ្រី សម្បត្តិ បុគ្គលិកទូរទស្សន៍អប្សរា ពីស្ថានភាពជំងឺភរិយារបស់លោក គឺអ្នកស្រី កប កក្កដា អាយុ ២៣ឆ្នាំ ដែលទេីបសម្រាលកូនហេីយមានជំងឺដុះសាច់សុដន់ធ្ងន់ធ្ងរ កំពុងសម្រាកវះកាត់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ចំពោះក្រុមគ្រួសារលោកគ្រី សម្បត្តិ និងសូមផ្តាំផ្ញេីឱ្យថែទាំអ្នកជំងឺឱ្យបានល្អអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។
ជាមួយគ្នានេះ លោក គ្រី សម្បត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្ត និងផ្តល់អំណោយជួយសម្រាលការលំបាកផ្នែកជីវភាពខណៈដែលភរិយារបស់លោកកំពុងវះកាត់ព្យាបាលនេះ។
អំណោយដែលបានផ្តល់ជូនរួមមាន អង្ករ មី ត្រីខ ទឹកដោះគោ ស្ករស ទឹកប្រទាលកន្ទុយក្រពេី មុង ភួយ សារុង ក្រមា អាវយឺត និងថវិកាមួយចំនួន៕