


សាខាកក្រកខេត្តស្វាយរៀងចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០១៨
សាខាកក្រកខេត្តស្វាយរៀង៖ដើម្បីចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០១៨ ក្រោមប្រធានបទ និងតាមទិសស្លោក យើងប្តេជ្ញារួមគ្នា បញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ ២០២៥ និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប និងជំងឺអេដស៍នៅកម្ពុជា នៅថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធី សំណេះសំណាល និងចែកអំណោយ មនុស្សធម៌ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន ២៧៥ នាក់ មកពី ស្រុកចន្ទ្រា ៨ នាក់ ស្រុកស្វាយទាប ២៥ នាក់ ក្រុងស្វាយរៀង ៥០ នាក់ ស្រុកស្វាយជ្រំ ១០០ នាក់ ស្រុកកំពង់រោទិ៍ ៣០ នាក់ ស្រុករមាសហែក ១២ នាក់ ស្រុករំដួល ៤៤ និងអង្គការសីភីអិនផ្លាស់ ៦ នាក់ ពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលពិធីនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា លោក លោកស្រីតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត ។
ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេបស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក និងបច្ចុប្បន្ននូវសកម្មភាពពហុវិស័យបើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើឲ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវ ភាពរបស់ពួកគេមានភាពប្រសើរឡើង ។
សម្ភារដែលសាខាបានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ចំនួន ២៧៥ នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១ អាវយឺត ១ ថវិកា ៤០,០០០ រៀល លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ឧបត្ថម្ភថវិការបន្ថែម ក្នុងម្នាក់ៗ ១០,០០០ រៀល ។