


កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍
សាខាកក្រកខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ វិច្ចិកា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកស្រី អោម ចន្នា នាយិកាសាខា បានរៀបចំធ្វេីយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ជូនដល់សាធារណជននៅទីប្រជុំជនផ្សារកំពង់ស្ពឺ និងតាមផ្លូវជាតិលេខ៤ ក្នុងឱកាសពិធីបុណ្យអុំទូកថ្នាក់ខេត្ត និងមានការអញ្ជើញចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងអាជ្ញាធរដែនដីនៅតាមមន្ទីរអង្គភាពជុំវិញខេត្តសរុបចំនួន ៧៥នាក់។ យុទ្ធនាការផ្សព្វផ្សាយនេះដែរ ធ្វើឡើងនៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ។
យុទ្ធនាការនេះប្រព្រឹត្តទៅនៅក្នុងគោលបំណង៖
១.លើកកំម្ពស់ការយល់ដឹងនិងសមត្ថភាពជំនាញដល់អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា លើវិធីសាស្រ្តអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៌ ក្នុងការអនុវត្តជាក់ស្តែងតាមសាលា និងសហគមន៌ កាន់តែមានប្រសិទ្ធិភាព។
២.ដើម្បីឲ្យសាធារណៈជនទូទៅបានយល់ដឹងពីសុវត្ថិភាពដែលទាក់ទងទៅនឹងហានិភ័យ នៃការបើកបរដោយមិនពាក់មួកសុវត្ថិភាព និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង រួមចំណែកកាត់បន្ថយអ្នករបួស និងស្លាប់ ពីគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកំម្រិតទាប នៅក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះផងដែរ៕