អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ខេត្ដ​កំពង់ធំ ទទួល​អំណោយ​សង្គ្រោះ​ពី កាកបាទ​ក្រហម​កម្ពុជា


លោកជំទាវ អា​ន្នី សុខ​អាន អនុប្រធាន​ទី១ កាកបាទ​ក្រហម​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​កិ​ត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប្រធាន រួម​ដំណើរ ឯកឧត្ដម លោកជំទាវ ក្នុង​ជួរ​គណៈកម្មាធិការ​កណ្ដាល ជា​ច្រើន​រូប​បាន​ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​សង្គ្រោះ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះ​ ទឹក​ជំនន់​ចំនួន ៥១៣គ្រួសារ​ដែល​មកពី​ភូមិ​ចំនួន ៤៤ ក្នុង​ឃុំ​ចំនួន ៥ នៃ​ស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ។ ពិធី​នេះ​បាន​ប្រ​ព្រឹត្តិ​ទៅ​នៅក្នុង​បរិវេណ​រមណីយដ្ឋាន​ព្រែក​ប្រស់ ឃុំ​ត្រែង ស្រុក​កំពង់ស្វាយ នា​ព្រឹក​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១១ ។
 
ក្នុងនាម លោកជំទាវ​កិ​ត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា លោកជំទាវ អា​ន្នី សុខ​អាន បាន​មានប្រសាសន៍​ពាំ​នាំ​នូវ​សេចក្ដី​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សំដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​ដែល​មាន សមាជិក​បាត់បង់​ជីវិត និង​ចូលរួម​សោក​ស្ដាយ​ចំពោះ​គ្រួសារ​ដែល​ទទួលរង​គ្រោះ​ខូ​ត​ខាត​ ទ្រព្យសម្បត្តិ និង​ផលដំណាំ ក្នុង​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ។ លោកជំទាវ​បាន​បន្ដ​ថា គ្រោះ​ទឹក​ជំនន់​នេះ​មិនមែន​តែ​កើតមាន​នូវ​តែ​ប្រទេស​យើង​ទេ គឺ​មាន​ប្រទេស​មួយចំនួន​ក៏​ទទួលរង​គ្រោះ​ដែរ ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ ហើយ​សំរាប់​បញ្ហា​ទឹកជំនន់​នេះ​ ទាំង​រាជរដ្ឋាភិបាល និង កាកបាទ​ក្រហម​កម្ពុជា បាន​ខិតខំ​រួមគ្នា​ដោះស្រាយ​ក្នុង​ការ​ជួយ​សំរាល​នូវ​ទុក​លំបាក​របស់​ បងប្អូន​ដោយ​មិន បណ្ដែតបណ្ដោយ​ឱ្យ​បងប្អូន​យើង​ណា​ម្នាក់​អត់បាយ​ហូប​នោះ​ឡើយ។ 
 
លោកជំទាវ​ក៏​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងអស់ ត្រូវ​មាន​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​កុំ​ឱ្យ​លេង​ទឹក និង​ប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស​នានា បើ​ត្រូវ​សត្វ​អាសិរពិស​ ឬ​ខាំ​ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ​រឺ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ឱ្យ​ទាន់​ពេលវេលា ហើយ​សូម​ឱ្យ​បងប្អូន​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​អនាម័យ ជាពិសេស​ត្រូវ​បរិភោគ​ទឹក​ឆ្អិន​ដើម្បី​ចៀសវាង​នូវ​ជំងឺ​ដំកាត់​ផ្សេងៗ។ លោកជំទាវ​អនុប្រធាន​ទី១ ក្នុងនាម​លោកជំទាវ​កិ​ត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា លោកជំទាវ​សូម​ថ្លែងអំណរគុណ​ដល់​បណ្ដា​សប្បុរសជន​នានា និង​អាជ្ញាធរ​មូលដ្ឋាន អ្នក​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម ដែល​កន្លងមក​ក៏ ដូច​បច្ចុប្បន្ន​បាន​ខិតខំ​ប្រឹងប្រែង រួមគ្នា​ក្នុង​ការ​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​យើង​បាន​យ៉ាង​ទាន់ពេល​វេលា ។ អំណោយ​សង្គ្រោះ​ដែល​នាំមក​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ៥១៣គ្រួសារ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន ៖ អង្ករ២៥គ.ក, ត្រីខ១០កំប៉ុង, ក្រមា១, សារុង១, ភួយ១, មុង១, ទឹក​បរិ​សុ​ទ្ឋ​ឱ​រ៉ា​ល់១កេស និង​ទឹក​អនាម័យ លាងដៃ១ដប ។
 
បន្ទាប់មក លោកជំទាវ អា​ន្នី សុខ រួម​នឹង​ប្រតិភូ​ទាំងអស់​បាន​បន្ដ​ដំណើរ​មក វត្ត​សង់​ឃ្លាំង ស្ថិតនៅ​ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ដើម្បី​ប្រគេន​ដល់​វត្ដ​នូវ គ្រឿង​ឧបភោគ​បរិភោគ​រួមមាន អង្ករ មី ត្រីខ ទឹកក្រូច ទឹក​បរិ​សុ​ទ្ឋ​ឱ​រ៉ា​ល់ តែ ស្ករស ទឹកដោះគោ មួយចំនួន និង​ថវិកា​១លាន​រៀល ប្រគេន​ព្រះ​សង្ឃ១៤អង្គ ក្នុង​មួយ​អង្គ​ស្លា​ដក​១ និង​ថវិកា​៥ម៉ឺន​រៀល ជូន​តាជី​យាយជី​ក្នុង​ម្មាក់ៗ ក្រណាត់​ស១ដុំ និង​ថវិកា​១ម៉ឺន​រៀល ព្រមទាំង​ចែក​អំណោយ​សង្គ្រោះ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ចំនួន​៤៨៧​គ្រួសារ​ទៀត ដែល​មកពី​ភូមិ​ចំនួន​២២ ក្នុង​ឃុំ​ចំនួន៤ នៃ​ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ ដែល​ក្នុង​មួយ គ្រួសារ​ទទួល​បាន អង្ករ២៥គ.ក, ត្រីខ១០កំប៉ុង, ក្រមា១, សារុង១, ភួយ១, មុង១, ទឹក​បរិ​សុ​ទ្ឋ​ឱ​រ៉ា​ល់១កេស និង​ទឹក​អនាម័យ​លាងដៃ១ដប ។ សូម​បញ្ជាក់​ថា ៖ អង្ករ ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា, ត្រីខ និង​សំភារៈ អំណោយ​របស់ កាកបាទ​ក្រហម​កម្ពុជា និង​សប្បុរសជន, ទឹក​បរិ​សុ​ទ្ឋ​ឱ​រ៉ា​ល់ ជា អំណោយ​របស់ កាកបាទ​ក្រហម​កម្ពុជា សាខា​ធានី​ភ្នំពេញ ។