


សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល រៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ
សាខា កក្រក ខេត្តកណ្តាល ៖រសៀលថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។ ពិធីនេះមានកិត្តិយសដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផា អនុប្រធានកិត្តិយសសាខា តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃចំនួន ៩ អង្គ លោកជំទាវភរិយាថ្នាក់ដឹកនាំខេត្ត គណៈអភិបាលខេត្ត សមាជិកសមាជិកាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ យុវជនកាកបាទក្រហមកម្ពុជា និង តាជីយាយជីជាពុទ្ធបរិស័ទ ប្រមាណជាង ៧០ អង្គ/នាក់ ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាំងនាមទូលព្រះបង្គំ ខ្ញុំម្ចាស់ជាប្រធាន អនុប្រធានគណៈកិត្តិយសសាខា សមាជិកសមាជិកាគណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហម កម្ពុជាគ្រប់ស្រុក-ក្រុង មន្ត្រី បុគ្គលិកក្រុមប្រតិបត្តិសាខា ក្រុមកាកបាទក្រហមឃុំ/សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាក បាទក្រហមកម្ពុជាទូទាំងខេត្តកណ្តាល ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ ខ្ពស់បំផុត លំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃទេវតាថែ រក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រទានព្រះពរជ័យ សិរីមង្គលបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រីព្រះវរ រាជមាតា ជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបតែនឹងព្រះបរមសុខគ្រប់ ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ជាទីជ្រកកោនរបស់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រ កម្ពុជា រស់នៅដោយទទួលបានសេចក្តីសុខសន្តិភាពសុភមង្គល និងការអភិវឌ្ឍន៍រីកចម្រើនថ្កុំថ្កើងរុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ ៕