


សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូកាកបាទក្រហមវៀតណាម
សាខាកក្រកខេត្តសៀមរាប៖ នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨នេះ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលស្វាគមន៍ និងសំណេះសំណាលជាមួយគណៈប្រតិភូកាកបាទក្រហមវៀតណាម ដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត ត្រាន់ គួកហ៊ុង អនុប្រធានកាកបាទក្រហមវៀតណាម ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារបុរីអង្គរ រីសត និង ស្ប៉ា ។
ក្នុងឱកាសនោះ លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ដែលបានមិនមកទទួលផ្ទាល់នាពេលនេះ លោកជំទាវក៏សូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកាកបាទក្រហមវៀតណាម។ ជាមួយគ្នានេះដែរ លោកជំទាវ និងក្រុមប្រតិបត្តិសាខា បានធ្វើការបង្ហាញពីសមិទ្ធផល និងសកម្មភាពនានារបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ក្នុងការធ្វើកម្មភាពមនុស្សធម៌ និងការកៀរគររកមូលនិធិសម្រាប់ទ្រទ្រង់សមកម្មភាពមនុស្សធម៌របស់សាខា ក្នុងការជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទនៅក្នុងសហគមន៍។
នាឱកាសនេះដែរ លោកវេជ្ជបណ្ឌិត ត្រាន់ គួកហ៊ុង អនុប្រធានកាកបាទក្រហមវៀតណាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែកបទពិសោធន៍ ល្អៗជាច្រើន សម្រាប់អនុវត្តន៍ការងារមនុស្សធម៌ តាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងវប្បធម៌ ស្រមតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ដល់ជនរងគ្រោះ និងជនងាយរងគ្រោះទាំងឡាយ។