


កាកបាទក្រហមកម្ពុជាសួរសុខទុក្ខ អតីតអនុប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ដែលមានជំងឺរ៉ាំរ៉ៃ
កក្រក ៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ ប្រតិភូ ដែលដឹកនាំដោយ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូន លោក ចក់ កុសល អតីតអនុប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ដែលមានជំងឺរ៉ាំរ៉ៃ កំពុងសម្រាកព្យាបាលនៅគេហដ្ឋានរបស់លោក នៅភូមិអញ្ចាញ ឃុំ ឬស្សីក្រោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្ដមវេជ្ជ. បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការគិតគូរពីសុខភាពរបស់លោក ដែលជាមន្ត្រីសកម្មក្នុងការងារ និងសូមជូនពរលោក ឆាប់បានជាសះស្បើយពីជំងឺ។
លោក ចក់ កុសល បានសំដែងក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរចំពោះសុខភាព និងទុក្ខលំបាកគ្រួសាររបស់លោក ព្រមទាំងបានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនទៀតផង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. បានអញ្ជើញសួរសុខទុក្ខ លោកជំទាវ ស្រី សុខុម ហេរញ្ញឹក គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោកជំទាវ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បន្ថែមពីលើនេះទៀត ឯកឧត្តមវេជ្ជ. ក៏បានអញ្ជើញសួរសុខទុក្ខ លោក ប៉េង ធឿន អតីតអ្នកបើកបររថយន្ដ កាកបាទក្រហមកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានប្អូនថ្លៃរបស់លោក នៅភូមិតាំងគោក ឃុំតាំងគោក ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕