


កាកបាទក្រហមកម្ពុជាសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង និងជនពិការនៅស្រុកព្រៃនប់
កក្រក ៖ នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨ នេះ លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយ សហការី និងសមាជិក-សមាជិកា កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង និងជនពិការ ចំនួន ១.៥១២គ្រួសារ មកពីឃុំចំនួន ៧ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលពិធីនេះប្រព្រឹត្តទៅនៅ ទួលថ្មជើងក្អែក ភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកជំទាវអនុប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាអាណិត ស្រឡាញ់ មេត្តា ករុណាដ៏ជ្រាលជ្រៅ និងសូមសម្តែងការសោកស្តាយចំពោះការខូចខាតផ្ទះសម្បែងដោយខ្យល់កន្ត្រាក់ ជាមួយគ្រួសាររងគ្រោះទាំងអស់។
ជាមួយគ្នានេះ លោកជំទាវ បានថ្លែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ដែលនៅមានស្មារតីបន្តការប្រកបមុខរបរ ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ប្រកបដោយចំណេះដឹង និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ក្នុងប្រទេសដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនេះ។
ទន្ទឹមនឹងការលើកឡើងពី បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ លោកជំទាវ ក៏បានពាំនាំអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលផ្តាំផ្ញើចំពោះប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព-អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការជំងឺឆ្លងនានានិងចូលរួមឈានឆ្ពោះបញ្ចប់មេរោគអេដស៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា ល្បែងស៊ីសងគ្រប់ប្រភេទ ដែលអាចបង្កឱ្យមានអសន្តិសុខភាពក្នុងសង្គម។ល។