


សាខាកក្រកខេត្តព្រះវិហារចុះសួរសុខទុក្ខលោកសុខ ភេន ដែលបានរងគ្រោះថ្នាក់ចរាចរណ៌
សាខាកក្រកខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួមជាមួយ អនុសាខាស្រុកជាំក្សាន្ត ដឹកនាំដោយ ឯកឧត្តម យុង គឹមហ៊ាន នាយកសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនលោកពលទោ សុខ ភេន ដែលបានរងគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងមក បណ្តាលឱ្យប្រេះឆ្អឹងក និងបាក់ឆ្អឹងជំនី បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅគេហដ្ឋាន ស្ថិតនៅភូមិរុងរឿងមួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយកសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីអាណិតអាសូរ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ រើសអើងវណ្ណៈជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ៤០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៉ីវ១ យួរ សារុង១ ក្រមា ១ មុង ១ ភួយ២ ប៊ីចេង ២ កញ្ចប់ និងថវិកាមួយចំនួន៕