


កាកបាទក្រហមកម្ពុជាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំគ្រួសារសព លោក ចាប សុភួននៅកំពង់ឆ្នាំង
កក្រក ៖ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកា គ្រឿងឧបភោគ-បរិភោគមួយចំនួនជូនគ្រួសារសព លោក ចាប សុភួន (ហៅ ជា ពៅ) អាយុ ៣១ឆ្នាំ ជាកីឡាករចំណុះទូកង ឈ្មោះក្តាមប្រៃ ដែលបានទទួលមរណភាពដោយសារខ្យល់គក្នុងពេលហ្វឹកហាត់មុនពេលចេញទៅប្រកួតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតក្នុងភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោក ចាប សុភួន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ១២០គ.ក មី ៥ កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងថវិកាមួយចំនួន៕