សេវាយើង

ការផ្សព្វផ្សាយ

លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌

_____________________________________________________________________________

ការ ​ផ្សព្វផ្សាយ​បាន​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ទី ៩០ ក៏ប៉ុន្ដែ នៅ​ពេលនោះ បុគ្គលិក​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម ជា​អ្នក​អនុវត្ដ​សកម្មភាព នៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន ១៣ (ជា​ខេត្ត ដែល​ប្រជាជន​ភៀស​ខ្លួន ចូល​មក​រស់​នៅ)។

ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩ កាកបាទក្រហមកម្ពុជា បំពេញ​សកម្មភាព​នេះ​ ដោយ​ផ្ទាល់​ នៅ​ទូទាំង​ប្រទេស។
សកម្មភាព​ទាំង​នេះ​ បាន​ត្រូវ​ពង្រីក​កាន់​តែ​ច្រើន​ជាង​មុន​ ដើម្បី​លើក​កម្ពស់​មុខមាត់​របស់​កាកបាទក្រហម កម្ពុជា និង​ឆ្នាំ​សហស្ស​វត្សរ៍ ហើយ​និង​រំលឹក​ខួប​ទី ៥០ នៃ​អនុ​សញ្ញា​ក្រុង​ហ្សឺណែវ ព្រម​ទាំង​គាំទ្រ​ដល់​គម្រោង “មនុស្ស​នៅ​ក្នុង​សង្គ្រាម”។
ក្រៅ​ពី​សកម្មភាព​ដ៏​ល្អ​ដែល​បាន​កត់ត្រា​ទុក​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ កាកបាទក្រហមកម្ពុជា​ទទួល​ស្គាល់​ថា​ នៅ​មាន​សេចក្ដី​ត្រូវ​ការ​ដែល​គួរ​យកចិត្ត​ទុកដាក់​ក្នុង​ការ​លើក​កម្ពស់​ ការ​យល់​ដឹង​អំពី​តម្លៃ​មនុស្សធម៌ និង​ច្បាប់​ មនុស្ស​ធម៌​អន្តរជាតិ។ ជាពិសេស​ជាង​នេះ​ គឺ​នៅ​មាន​សេចក្ដី​ត្រូវ​ការ​ក្នុង​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ហិង្សា​ ចំពោះ​ស្ត្រី ​ការ​ជួញដូរ​ស្ត្រី និង​កុមារ និង​អាកប្បកិរិយា​គោរព​សិទ្ធិ​មនុស្ស​ជា​រួម។

ទិសដៅ

ទិស​ដៅ​ដ៏​សំខាន់ គឺ​ដើម្បី​បង្កើន​ឱ្យ​បាន​ជា​អតិបរមា​នូវ​ការ​យល់​ដឹង​អំពី​គោលការណ៍​គ្រឹះ​ របស់​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម តម្លៃ​មនុស្សធម៌ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ជា​មូល​ដ្ឋាន​ សម្រាប់​អ្នក​ស្ដាប់​សំខាន់ៗ ចំនួន ២ ប្រភេទ ៖
បុគ្គលិក​កាកបាទក្រហមកម្ពុជា សមាជិក អ្នកស្ម័គ្រចិត្ត យុវជន និង​ម្ចាស់​អំណោយ ហើយ​និង​អ្នក​ស្ដាប់​ខាង​ក្រៅ​ ដែល​ផ្ដោត​ទៅ​លើ​សមាជិក​នៃ​ស្ថាប័ន​ច្បាប់ ស្ថាប័ន​រដ្ឋាភិបាល យុវជន​ទូទៅ និង សាធារណជន។
ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន កាកបាទក្រហមកម្ពុជា បាន​កំណត់​ទិសដៅ​ចំនួន​ ២ ៖

  • ព្យាយាម​មាន​ឥទ្ធិពល​លើ​ការផ្លាស់ប្ដូរ​ឥរិយាបថ នៅ​ក្នុង​សហគមន៍ ដោយ​លើក​កម្ពស់​គោលការណ៍​គ្រឹះ
  • ផ្ដល់​ដំណឹង​យ៉ាង​សកម្ម​ អំពី​តួ​នាទី និង​សកម្មភាព​របស់​កាកបាទក្រហមកម្ពុជា

 

លទ្ធផល​សំខាន់ៗ​ដែល​សម្រេច​បាន

 

  • កាកបាទក្រហមកម្ពុជា បាន​និង​លើក​កម្ពស់​យ៉ាង​សកម្ម​នូវ​ការ​គោរព​បដិរូប​សញ្ញា ដោយ​ធ្វើ​ការ ផ្សព្វផ្សាយ ខ្លឹម​សារ​នៃ​ព្រះរាជក្រឹត្យ​ស្ដី​ពី​ការ​ទទួល​ស្គាល់​កាកបាទក្រហមកម្ពុជា និង​ព្រះរាជក្រឹត្យ​ស្ដីពី​ ការ​ប្រើប្រាស់​ និង​ការពារ​បដិរូប​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម។
  • ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​គណៈកម្មាធិការ​អន្តរជាតិ​ កាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) កាកបាទក្រហមកម្ពុជា​បាន​ទាក់ទង​ជា​មួយ​ក្រសួងយុត្តិធម៌ ដើម្បី​បញ្ជ្រាប​ខ្លឹមសារ​នៃ​ច្បាប់​នេះ​ ទៅ​ក្នុង​សេចក្ដី​ព្រាង​ ច្បាប់​ព្រហ្មទណ្ឌ​បច្ចុប្បន្ន។
  • កាកបាទក្រហមកម្ពុជា បាន​ធ្វើ​ការ​ទាក់ទង​ជា​មួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បញ្ចូល​ច្បាប់ មនុស្សធម៌​អន្តរជាតិ​ជា​មូល​ដ្ឋាន​ និង​គោលការណ៍​គ្រឹះ ព្រម​ទាំង​តម្លៃ​មនុស្សធម៌ ទៅ​ក្នុង​កម្មវិធី​សិក្សា​ ជាតិ។
  • កាកបាទក្រហមកម្ពុជា បាន​និង​កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​យោធា​ចារ្យ​ច្បាប់​ មនុស្សធម៌ អន្តរជាតិ​នៃ​ក្រសួង​ការពារ​ជាតិ។
  • ការ​បណ្ដុះបណ្ដាល​អំពី​ការងារ​ផ្សព្វផ្សាយ បាន​និង​កំពុង​បញ្ចូល​ទៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នៃ​គម្រោង​ផ្សេងៗ​ ជាពិសេស គម្រោង​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​នៅ​តាម​សហគមន៍ កម្មវិធី​មីន​នៅ​តាម​សហគមន៍ និង គម្រោង​ឆ្លើយតប​ការ​ជួញដូរ​មនុស្ស។
  • ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩ សិក្ខាសាលា​ផ្សព្វផ្សាយ​ចំនួន ២ ដង ជា​រៀងរាល់​ឆ្នាំ បាន​ត្រូវ​រៀបចំ​ឡើង សម្រាប់​បង្កើន​ចំណេះដឹង​ជា​មូលដ្ឋាន​ដល់​សមាជិក​គណៈកម្មាធិការ និង​បុគ្គលិក​សាខា ហើយ​ម្យ៉ាង​ទៀត​ សម្រាប់​អ្នក​ផ្សព្វផ្សាយ​ទទួល​បាន​នូវ​អ្វី​ដែល​ថ្មី​ និង​មាន​ចំណេះដឹង​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ច្បាប់​មនុស្សធម៌ អន្តរជាតិ។
  • នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សិក្ខា​សាលា​ផ្សព្វផ្សាយ​ចំនួន ២ ដង ជា​រៀងរាល់​ឆ្នាំ​ បាន​ត្រូវ​រៀបចំ​ឡើង សម្រាប់​បង្កើន​ចំណេះដឹង​ជា​មូលដ្ឋាន​ដល់ កង​កម្លាំង​នគរបាល យោធិន និង កងរាជអាវុធហត្ថ ដើម្បី​ឱ្យ កម្លាំង​មាន​សមត្ថកិច្ច​ ចូល​រួម​ការពារ​កុំ​ឱ្យ​មាន​ការ​បំពាន​ក្នុង​ការប្រើប្រាស់​បដិរូប​សញ្ញា។
  • កាកបាទក្រហមកម្ពុជា​បាន​និង​កំពុង​ផលិត​ឯកសារ​ផ្សព្វផ្សាយ និង​បោះពុម្ព​ដោយ​ទទួល​ការ​ឧបត្ថម្ភ​ជា ថវិកា ពី អាយ.ស៊ី.អរ.ស៊ី. និង​សហព័ន្ធ​អន្តរជាតិ។
  • កាកបាទក្រហមកម្ពុជា​បាន​និង​កំពុង​កសាង​ឯកសារ​បង្រៀន​សម្រាប់​អ្នក​ ផ្សព្វផ្សាយ​ និង​រៀបចំ​បទ​បង្ហាញ ដែល​មាន​លក្ខណៈ​ស្ដង់​ដារ សម្រាប់​ឱ្យ​អ្នក​ផ្សព្វផ្សាយ​ប្រើប្រាស់។
  • កាកបាទក្រហមកម្ពុជា​បាន​និង​កំពុង​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​យុវជន​យ៉ាង​ទូលំទូលាយ ជាពិសេស យុវជន​នៅ តាម​សាលារៀន និង​សាកលវិទ្យាល័យ។
  • កាកបាទក្រហមកម្ពុជា​បាន​និង​កំពុង​រៀបចំ​កម្មវិធី​សំណួរ-ចម្លើយ​ អំពី​ចលនា​ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម នៅ​ក្នុង​ពិធី និង​ព្រឹត្តិការណ៍​ធំ​ៗ ដូច​ជា ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម។
  • បាន​និង​កំពុង​ប្រើប្រាស់​យ៉ាង​ពេញលេញ​នូវ​បណ្ដាញ​ព័ត៌មាន​សម្រាប់​ការងារ​ផ្សព្វផ្សាយ។
  • ភ្នាក់ងារ​ផ្សព្វផ្សាយ​ទទួល​បាន​វគ្គ​បំប៉ន​យ៉ាង​ទៀង​ទាត់​អំពី​ ចំណេះដឹង​ ថ្មីៗ​នៃ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ។
  • ផលិត​របាយការណ៍​ប្រចាំ​ស្ដីពី​វឌ្ឍនភាព​នៃ​ការងារ​ផ្សព្វផ្សាយ ហើយ​ផ្ញើ​ជូន​ក្រសួង​ការ​បរទេស និង​សហ-ប្រតិបត្តិការ​អន្តរជាតិ។

 

ដៃ​គូ​សហប្រតិបត្តិការ

អាយ.ស៊ី.អរ.ស៊ី. បាន​និង​កំពុង​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស ការ​ប្រឹក្សា និង​ថវិកា​ ដល់​កាកបាទក្រហមកម្ពុជា ក្នុង​ការងារ​ផ្សព្វផ្សាយ។​ ក្នុង​រយៈពេល​ ២-៣ ឆ្នាំ កន្លង​មក​នេះ​ ថវិកា​ឧបត្ថម្ភ​គាំទ្រ​គម្រោង​ប្រចាំ​ឆ្នាំ ជា​មធ្យម​ចំនួន ២៥.០០០ ដុល្លា​អាមេរិក (ពីរ​ម៉ឺន​ដុល្លារ)។ ការ​ឧបត្ថម្ភ​គាំទ្រ​ផ្សេងៗ​ទៀត​ ទទួល​បាន​ពី សហព័ន្ធ​អន្តរជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

សកម្មភាព​នា​ពេល​អនាគត

សកម្មភាព​នា​ពេល​អនាគត បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ ២០១១-២០២០ នៅ​ក្នុង​វិស័យ​ស្នូល លើកកម្ពស់ គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌។ សកម្មភាព​ផ្សព្វផ្សាយ​ទៅ​ដល់​យុវជន​នៅ​ក្រៅ​សាលារៀន និង​ស្ត្រី ដើម្បី​ឱ្យ​ពួក​គេ​បាន​ដឹង​ថា ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ កាកបាទក្រហមកម្ពុជា កំពុង​ស្វែង​រក​ការ​គាំទ្រ នៅ​ក្នុង​ផ្នែក​នេះ។ កាកបាទក្រហមកម្ពុជា គប្បី​យក​ចិត្ដ​ទុក​ដាក់​ឱ្យ​មាន​យុវជន​ ដែល​មាន​ថាមភាព​ និង​ប្ដេជ្ញា​ចិត្ដ ក្នុង​ការ​តាម​ដាន​អំពី​វឌ្ឍនភាព នៅ​ក្នុង​ផ្នែក​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និង​គោលការណ៍​គ្រឹះ និង​ធ្វើ​សកម្មភាព ពាក់ព័ន្ធ​នឹង​ការងារ​នេះ។

ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ០៨ ខែ កញ្ញា ឆ្នាំ​២០១០