សេវាយើង

ស្តារទំនាក់ទំនងគ្រួសារ

សង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍ និង​ភាព​វឹកវរ​បាន​ធ្វើ​ឱ្យ​សង្គម​ខ្មែរ​បាក់បែក​ខ្ចាត់ខ្ចាយ ហើយ​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​រាប់​សិប​ពាន់​នាក់​និរាស​ព្រាត់ប្រាស​បាត់​ដំណឹង។ ប៉ុន្តែ​ដោយ​សារ​សន្តិភាព​បាន​កើត​មាន​ឡើង​វិញ​ ប្រជា ពលរដ្ឋ​ជា​ច្រើន​ដែល​កំពុង​ស្វះស្វែង​រក​សាច់ញាតិ​ជា​ទី​ស្រឡាញ់​ដែល​បាន​ព្រាត់ប្រាស​គ្មាន​ដំណឹង​ មាន​ក្ដី​សង្ឃឹម​ឡើង​ វិញ​ថា​ពួក​គេ​អាច​នឹង​រក​ឃើញ​ជន​បាត់​ខ្លួន​ទាំងនោះ។
ក្នុង​នាម​ជា​សមាជិក​របស់​បណ្ដាញ​ដំណឹង​គ្រួសារ​របស់​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម (RedCross/ Red Crescent Family News Network) កាកបាទក្រហមកម្ពុជា​ដែល​ជា​អង្គការ​មនុស្សធម៌​ឈានមុខ និង ធំ​ជាង​គេ​នៅ​កម្ពុជា​បាន​ឧទ្ទិស​ខ្លួន​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បែក​ព្រាត់ប្រាស​ដោយ​សារ​សង្គ្រាម គ្រោះធម្មជាតិ និង​គ្រោះអាសន្ន​ដទៃទៀត​ដែល​ទាមទារ​ឱ្យ​មាន​ការ​ឆ្លើយតប​បែប​មនុស្សធម៌។ 
កម្មវិធី​ស្រាវជ្រាវ​រក​គ្រួសារ​ដែល​បាន​បង្កើត​ឡើង​ដោយ​កាកបាទក្រហមកម្ពុជា​ក្នុង​ឆ្នាំ​១៩៨៨ ហើយដែល ប្រតិបត្តិការ​ដោយ​មានការ​ឧបត្ថម្ភ​ពី​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម (ICRC) មាន ភារកិច្ច​ជួយ​ស្វែងរក មនុស្ស​ដែល​បាត់​ដំណឹង​ក្នុង​រយៈកាល​ដ៏​វឹកវរ​នៃ​សង្គ្រាម ៤០ ឆ្នាំ​កន្លង​ទៅ​នេះ។ កម្មវិធី​នេះ​ជា​សេវាកម្ម​ដែល​មាន បណ្ដាញ​គ្របដណ្ដប់​ទូទាំង​២៤​រាជធានី​ខេត្ត និង​បណ្ដាញ​របស់​ចលនា​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ​ផង ដែរ។ ក្រៅ​ពី​ជួយ​ស្វែង​រក​មនុស្ស​បាត់ខ្លួន​ក្នុង​សម័យ​សង្គ្រាម សេវាកម្ម​ស្រាវជ្រាវ​រក​គ្រួសារ​នេះ ក៏​មាន​ភារកិច្ច​ជួយ ផ្លាស់ប្ដូរ​សារ​លិខិត​រវាង​ក្រុម​គ្រួសារ និង​មនុស្ស​បាត់បង់​សេរីភាព​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នានា​ព្រម​ ទាំង​ជន​ចំណាក​ស្រុក​ ឬ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​ចង់​ផ្ដល់​ដំណឹង​មក​ក្រុម​ គ្រួសារ។ 
រហូត​មក​ដល់​ពេល​នេះ កាកបាទក្រហមកម្ពុជា​បាន​រក​ឃើញ​មនុស្ស​ចំនួន​ ២៧.៣៥៥ នាក់​ហើយ​ក៏​បាន​ ជួយ​ពួក​គេ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​គ្រួសារ​សាច់ញាតិ​ទៀត​ផង។ សេវាកម្ម​នេះ​ពុំ​ទាមទារ​ការ​បង់ប្រាក់​ឡើយ​ ហើយ បើក​ចំហ​ចំពោះ​ជន​គ្រប់​រូប។