ពិធីបិទកិច្ចប្រជុំការកសាងយុទ្ធសាស្ដ្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា
ថ្ងៃទី ១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១០ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា

ក្នុងឱកាសនៃការចូលរួមជាអធិបតីភាពរបស់ លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំការកសាងយុទ្ធសាស្ដ្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១០ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា លោកជំទាវបាន សម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំលើការប្ដេជ្ញាចិត្ដ រួមទាំងការស្ម័គ្រចិត្ដលះបង់ពេលវេលា ក្នុងការដឹកនាំនិង គ្រប់គ្រងសាខា ឱ្យបានរឹងមាំ សំដៅបម្រើការងារមនុស្សធម៌ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនយើង។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធានបានផ្ដល់នូវអនុសាសន៍មួយចំនួនដើម្បីជាគោលគំនិត សម្រាប់ការអនុវត្ដយុទ្ធសាស្ដ្រ២០១១-២០២០ ដោយត្រូវបន្ដយកចិត្ដទុកដាក់លើកកំពស់គោលការណ៍ វិមជ្ឈការ ត្រូវពង្រឹង និងបង្កើនសមត្ថភាពគណៈកម្មាធិការសាខា អនុសាខា ក្រុមអ្នកស្ម័គ្រចិត្ដ យុវជនកាកបាទក្រហម។ លោកជំទាវបានមានប្រសាសន៍ថា នេះជាឱកាសលើកទី១ហើយដែលលោកជំទាវប្រធានមាន ឱកាសបានជួបសំណេះសំណាលជាមួយប្រធានគណៈកម្មាធិការសាខាខេត្ដ-រាជធានីទាំង២៤ បន្ទាប់ពីសន្និបាត សាខាអាណត្ដិទី៣បានបញ្ចប់ ហើយសំខាន់គឺបានជួបជុំគ្នា បញ្ចេញយោបល់ គំនិត និងសំណូមពរដើម្បីរួម ចំណែកកសាងយុទ្ធសាស្ដ្រនេះល្អ។ លោកជំទាវក៏បានសំណូមពរដល់ស្នាក់ការកណ្ដាលត្រូវបន្ដយកចិត្ដទុកដាក់ ដើម្បីផ្ដល់ជាកម្លាំងជួយគាំទ្រសាខាសំដៅធ្វើឱ្យរាល់គំនិតបំណងប្រាថា្ន និងលទ្ធផលរំពឹងទុក ដែលបានគូស បញ្ជាក់នៅក្នុងយុទ្ធសាស្ដ្រនេះ ក្លាយជាការអនុវត្ដជាក់ស្ដែងពិតប្រាកដនៅគ្រប់លំដាប់ថ្នាក់ ជួយដល់ការងារ បណ្ដុះបណ្ដាល ការងារបច្ចេកទេស ការគ្រប់គ្រងយុវជន សំដៅកាត់បន្ថយភាពអវិជ្ជមាន និងអសីលធម៌ ក្នុងសង្គម ហើយថ្នាក់សាខា អនុសាខាត្រូវបំពេញការងារ និងធ្វើគ្រឹះឱ្យរឹងមាំដោយមានបណ្ដាញ អ្នកស្ម័គ្រចិត្ដ យុវជនកាកបាទក្រហម មានកម្លាំងឈានមុខក្នុងការពង្រឹងសមត្ថភាពសហគមន៍ លើកកំពស់ ភាពជាម្ចាស់របស់សហគមន៍ ក្នុងការបំផុសចលនាមនុស្សធម៌ និងវប្បធម៌ចែករំលែកធ្វើឱ្យមានការចូលរួម ជួយគាំទ្រ កាន់តែខ្លាំងជាងមុន ពីសមាជិកគ្រប់ប្រភេទរបស់កាកបាទក្រហមកម្ពុជា និងពីសប្បុរសជនគ្រប់ មជ្ឈដ្ឋាន។ ទន្ទឹមនឹងនោះដែរ សាខា ត្រូវខិតខំធ្វើម្ចាស់ការរៀបចំធ្វើគម្រោងកម្មវិធីយុវជន នៅតាមសាលារៀន ដោយធ្វើគម្រោងតូចៗតាមរយៈកម្មវិធីមិត្ដអប់រំមិត្ដ ជួយសិស្សក្រីក្រគ្នាឯង អប់រំសីលធម៌សង្គមដល់ពួកគេ មានការងារអប់រំជំងឺអេដស៍ គ្រឿងញៀន អនាម័យ សុខភាព បរិស្ថានជាដើម ។
សូមអរគុណ !
ធ្វើបច្ចុប្បន្នភាព ថៃ្ងទី 05 ខែ មីនា ឆ្នាំ២០១០