សេចក្ដីថ្លែងការណ៍ ៖ ទិសដៅអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា

-ក្នុងនាមគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយការកោត សរសើរយ៉ាងក្រៃលែង ចំពោះ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា សមាជិក-សមាជិកា គណៈកម្មាធិការសាខារាជធានី-ខេត្ដ ដែលបាននាំគ្នាយកចិត្ដទុកដាក់ខិតខំប្រឹងប្រែងអនុវត្ដទិសដៅជាយុទ្ធសាស្ដ្រទាំងឡាយប្រកបដោយការទទួលខុសត្រូវខ្ពស់ បំពេញកាតព្វកិច្ចបានយ៉ាងស័ក្ដិសមជាសេនាធិការរបស់កាកបាទក្រហមកម្ពុជា ជួយសម្រាលទុក្ខលំបាកអ្នកងាយរងគ្រោះ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់តម្លៃមនុស្សជាតិនៃអ្នកងាយរងគ្រោះនៅក្នុងបូរណរាជធានី-ខេត្ដរបស់ខ្លួន ។ ផលសម្រេចបានរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែងពិតជាមិនអាចកាត់ផ្ដាច់ចេញបានឡើយពីការជួយឧបត្ថម្ភ គាំទ្រជ្រោមជ្រែង ពីសំណាក់ ឯកឧត្ដម ប្រធានកិត្ដិយសសាខាដែលជាអភិបាលនៃគណៈអភិបាលខេត្ដ ការជួយបច្ចេកទេសថវិកាពីដៃគូសហប្រតិបត្ដិការរបស់កាកបាទក្រហមកម្ពុជា និងការចូលរួមដោយសទ្ធាជ្រះថ្លាបំផុតពី សប្បុរសជនគ្រប់មជ្ឈដ្ឋាន និង សមាជិកសមាជិកាកាកបាទក្រហមកម្ពុជា ទូទាំងប្រទេស។
ធនធានដ៍វិសេសថ្លៃថ្លាមួយទៀត ដែលជាកម្លាំងប្រតិបត្ដិដ៏មានសក្ដានុពលនោះ គឺកម្លាំងយុវជនកាកបាទក្រហមនៅតាមគ្រឹះស្ថានសិក្សានានា និងអ្នកស្មគ្រចិត្ដនៅតាមមូលដ្ឋាន ដែលបច្ចុប្បន្នមានជិត២ ម៉ឺននាក់ ហើយកំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការធ្វើសកម្មភាពគ្រប់ផ្នែក ដើម្បីដោះស្រាយភាពងាយរងគ្រោះ និង ពង្រឹងភាពជាម្ចាស់របស់សហគមន៍ តាមរយៈការពង្រឹងរចនាសម្ព័ន្ធការងារនិងបង្កើនសមត្ថភាពរបស់មន្ដ្រី-បុគ្គលិក សាខា-អនុសាខាសំដៅកាត់បន្ថយហានិភ័យ និងអាត្រាស្លាប់-របួស បង្កដោយគ្រោះមហន្ដរាយធម្មជាតិ និង មនុស្សបង្កឡើង។ ផ្អែកលើទិសដៅជាយុទ្ធសាស្ដ្ររបស់កាកបាទក្រហមកម្ពុជាឥសម្រាប់ការអភិវឌ្ឍបន្ដឈានទៅដល់ទស្សនៈវិស័យ ២០២០ ខ្ញុំមានក្ដីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្ដម លោកជំទាវ គណៈកិត្ដិយសសាខា និង គណៈកម្មាធិការសាខា នឹងខិតខំបំពេញភារកិច្ច បន្ដ អនុវត្ដ
រាល់សកម្មភាព ដែលជាគំរូល្អរបស់បុព្វការីជន នាំគ្នារក្សា សាមគ្គីភាពធ្វើការក្នុងស្មារតីក្រុម កែលំអចំណុចនៅមានខ្វះខាតកន្លងមក ខិតខំបំពេញការងារ ពុះពាររាល់ឧបសគ្គ ដោះស្រាយភាពងាយរងគ្រោះនៅតាមសហគមន៍ ដោយប្រកាន់ខ្ជាប់គោលការណ៍គ្រឹះ ទាំង ៧ របស់កាកបាទក្រហមកម្ពុជា។ ខ្ញុំមានការជឿជាក់ថា ឯកឧត្ដម លោកជំទាវ លោក លោកស្រី នឹងខិតខំបន្ដពង្រឹងការអភិវឌ្ឍសាខាតាមបែបវិមជ្ឈការនិង វិសហមជ្ឈការលើកកម្ពស់ស្មារតីអនុវត្ដ គោលការណ៍ ណែនាំ និងកិច្ចការផងទាំងឡាយ តាមលក្ខណៈវិនិច្ឆ័យសាខា មានដំណើរការល្អទទួលយកការប្ដេជ្ញាចិត្ដ និងសុច្ឆន្ទៈទទួលខុសត្រូវខ្ពស់ចំពោះមុខគណៈកម្មាធិការកណ្ដាល សំដៅសម្រេចបាន ការពង្រឹងសមត្ថភាពនិងភាពជាម្ចាស់របស់សាខា ទាំងខាងផ្នែកធនធានមនុស្ស ទាំងធនធានមូលធន ការពង្រឹងភាពជាដៃគូនៅថ្នាក់សាខា ការពង្រឹង
បណ្ដាញអ្នកស្មគ្រ័ចិត្ដ យុវជនកាកបាទក្រហម ដើម្បីកសាងបាននូវកម្លាំង និងបណ្ដាញប្រតិបត្ដិការសម្រាប់កាត់បន្ថយគ្រោះបន្ទាន់និងហានិភ័យនានា បង្កដោយផលវិបាកនៃការប្រែប្រួលអាកាសធាតុហើយដែលចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម កំពុងតែធ្វើយុទ្ធនាការ ពិភពលោកយើង-សកម្មភាពទាំងអស់គ្នា ។
សូមអរគុណ !