អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

វគ្គបំប៉ន វិជ្ជាសង្គ្រោះបឋម ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្ដមសិក្សាក្នុងរាជធានីភ្នំពេញ

កក្រក ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែ​អាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា ​ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន បានរៀបចំពិធីបើកវគ្គបំប៉ន វិជ្ជាសង្គ្រោះបឋម ជូនយុវជន​កាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថា​នឧត្ដមសិក្សាក្នុងរាជធានីភ្នំពេញ ៤២នាក់ ក្រោមអធិបតីភាព ​ឯកឧត្តម ពិត ចំណាន សមាកជិក​គណៈកម្មាធិការកណ្ដាល ​និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ​ទ្រទ្រង់សកម្មភាពយុវជន ​និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា។

នៅក្នុងឱកាសនោះដែរ​ ឯកឧត្តម ពិត ចំណាន ​បានពាំនាំនូវប្រសាសន៍​ផ្ដាំផ្ញើសួរសុខទុក្ខ ​និងសេចក្ដីកោតសរសើរ ពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ព្រមទាំងបានផ្ដល់នូវអនុសាសន៍​សំខាន់ៗមួយចំនួនជូនដល់យុវជនដែល​មានវត្តមានក្នុងពិធី​នោះរួមមាន៖
១- សូមបន្ដខិតខំប្រឹងប្រែង​រៀន សូត្រ ដើម្បីពង្រឹង និងពង្រីក​ចំណេះដឹងរបស់ខ្លួន​ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាព​រីកចម្រើនរបស់ប្រទេសជាតិ ក្រោម​ការដឹកនាំដ៏ឈ្លាសវៃ ​របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ 
២- បន្ដពង្រឹង និងពង្រីក​បណ្ដាញយុវជន កក្រក ​ពីក្នុងចំណោមនិស្សិតនៅ​សាកលវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារ​មនុស្សធម៌ ជាប់ជាប្រចាំ។
៣- សូមយកចិត្តទុកដាក់ចំពោះ​សិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ​ជាមុន និងសិស្ស និស្សិត កុមារ​កំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
៤- បន្តលើកទឹកចិត្តដល់សមាជិក​យុវជន កក្រក ដែលសកម្មនឹងការងារ​ទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈ​បន្ដសកម្មភាពមនុស្សធម៌នានា​ឱ្យបានកាន់តែច្រើនថែមទៀត។
៥- បន្ដលើកកម្ពស់នូវ​វប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិន​ចេះសោះ ទៅកាន់​សិស្ស និស្សិត និងយុវជន កក្រក​ នៅក្នុងសាកលវិទ្យាល័យ និងសហគមន៍នានា។
៦- សូមបន្ដធ្វើសកម្មភាពទាំងឡាយ​ណាដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ​ដោយធ្វើខ្លួនជាកូនល្អ និស្សិតល្អ និងពលរដ្ឋល្អ ចៀសវាងចាញ់បោកការឃោសនារបស់ជនអគតិមួយក្ដាប់ តូច​ដែលតែងតែបំពុលសង្គមតាមគ្រប់រូបភាព។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ​ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដា​លកាកបាទក្រហមកម្ពុជា​ មានរយ:ពេលពីរថ្ងៃ ដើម្បីចូលរួមចំណែកលើកកម្ពស់​ការយល់ដឹងពីវិជ្ជាសង្គ្រោះបឋម និងអាចជួយជនរងគ្រោះប្រកបដោយប្រសិទ្ធភាព៕

 

អនុសាខាកក្រកស្រុកមណ្ឌលសីមា ចុះសួរសុខទុក្ខ ស្រ្តី រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ដែល បានសម្រាលកូន នៅលើអូប័រតាមដងព្រែក

សាខាកក្រកកោះកុង ៖​នៅល្ងាចថ្ងៃសុក្រ ៤កើត ​ខែអាសាឍ​ ឆ្នាំកុរ​ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០១៩​ អនុសាខាកក្រកស្រុកមណ្ឌលសីមា​ ដឹកនាំដោយលោក​ ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា រួមនឹងសមាជិកអនុសាខា​ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​ទៅផ្តល់ជូនស្រ្តីឈ្មោះ តាក់ ឡៃហៀង​ អាយុ២៤ឆ្នាំ មុខរបរនេសាទ រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង​ បានសម្រាលកូន នៅលើអូប័រតាមដងព្រែក ទាំងមេឃកំពុងព្យុះ ភ្លៀង​ កំឡុងពេលគាត់​ និងក្រុមគ្រួសារកំពុងធ្វើដំណើរតាមផ្លូវទឹក​ មកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការ​អនុសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់ លោកជំទាវ មិថុនា ភូថង ប្រធាន​គណៈកម្មធិការសាខា ពិសេសសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេច​តែងគិតគូរពីសុខទុក្ខ សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសស្រ្តី ទារក និងកុមារ​ ព្រមទាំងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ​ឱ្យថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅ​លើកុមារតូចៗ ត្រូវពាក់ខោអាវវែង និងដេក​នៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារជម្ងឺគ្រុនឈាមដែរកំពុងរីករាលដាល ។

អំណោយដែលអនុសាខា​ផ្តល់ជូនរួមមាន៖ ទឹកក្រូច១កេស ទឹកដោះគោឆៅ២ឡូ ទឹកដោះគោខាប់៥កំប៉ុង អាវយឺត៣ ឃីតទារក១ឈុត ស្ករស៣គក្រ ទឹកសុទ្ធ២យួរ រួមនឹងសម្ភារៈ និងថវិកាមួយចំនួនទៀត។ ជាមួយគ្នានោះផងដែរលោកជំទាវ មិថុនា ភូថង​ ប្រធានគណៈកម្មាធិការសាខា​បានឧបត្ថម្ភថវិកា​ផ្ទាល់បន្ថែមចំនួន ១០០$ និងមេឃុំប៉ាក់ខ្លង ថវិកា ១០០,០០០រៀល៕

 

វគ្គបណ្តុះបណ្តាលចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងវិជ្ជាសង្រ្គោះបឋមជូនដល់យុវជន នៅវិទ្យាល័យបាក់ចិញ្ជៀន

សាខាកក្រក ខេត្តពោធិ៍សាត់៖ នៅថ្ងៃ​សុក្រ ៤កើត ខែ​អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៥ខែ​កក្កដា​ ឆ្នាំ ២០១៩ លោក​ទេព រ៉ុម នាយករង​សាខាកាកបាទក្រហម​ខេត្តពោធិ៍សាត់ ​និងមន្រ្តីប្រតិបត្តិសាខា បាន​បើកវគ្គបណ្តុះបណ្តាលចលនាកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម និ​ងវិជ្ជាសង្រ្គោះបឋម​ជូនដល់យុវជនកាកបាទក្រហមកម្ពុជា ​នៅវិទ្យាល័យបាក់ចិញ្ជៀន​ សរុបចំនួន៥០នាក់ ស្រី២៥នាក់។

កម្មវិធីនេះធ្វើឡើងក្នុង​គោលបំណងឱ្យយុវជនកាកបាទក្រហម​កម្ពុជា យល់ដឹងពីចលនា​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តជាតិ​ គោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជាពិសេសបណ្តុះបណ្តាល​វិជ្ជាសង្រ្គោះបឋមដល់យុ​វជនកាកបាទក្រហមកម្ពុជា ​ដើម្បីជួយសង្គ្រោះ បឋមដល់ជន​រងគ្រោះឱ្យបានទាន់ពេលវេលា។

កម្មវិធីបិទវគ្គនិងបំពាក់កន្សែង​ក្រោមអធិបតីភាពឯក​ឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ​ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម បណ្ឌិតម៉ៅ ធនិន ​ប្រធានកិតិ្តយសសាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ និងមាន​ការអញ្ជើញចូលរួមពីសំណាក់​សមាជិកសមាជិការ​គណៈកម្មាធិការសាខា លោកគ្រូ អ្នកគ្រូ និងសិស្សានុុសិស្ស​ ចំនួនជាង៤០០នាក់​វគ្គបណ្តុះបណ្តាល​នេះមានរយះពេល ៤ថ្ងៃ​ចាប់ពីថ្ងៃទី​១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩៕

 

គ្រួសារចាស់ជរាគ្មានទីពឹង ជនពិការ គ្រួសារក្រីក្រ ស្រ្តីមេម៉ាយក្រីក្រ មកពី ៧ឃុំនៅខេត្តព្រៃវែង ទទួលអំណោយមនុស្សធម៌

សាខាកក្រក ខេត្តព្រៃវែង ៖ ថ្ងៃព្រហស្បតិ៍​ ៣កើត ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជា សុមេធី ប្រធា​នគណៈកម្មាធិការ​សាខាខេត្ត និង​លោកជំទាវ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ​ក្រុមការងារ​អនុសាខាស្រុក​ អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និង​នាំយកអំណោយមនុស្សធម៌ចែក​ជូនដល់គ្រួសារចាស់​ជរាគ្មានទីពឹង​ ជនពិការ គ្រួសារ​ក្រីក្រ ស្រ្តីមេម៉ាយក្រីក្រ មកពី ៧ឃុំ ស្មើនឹង ២០ភូមិ ​សរុបចំនួន ៣២គ្រួសារ ​នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។

នាឱកាសនោះ ឯកឧត្តម ជា សុមេធី​ ប្រធានគណៈកម្មាធិការ​សាខាខេត្ត បាន​ពាំនាំនូវប្រសាសន៍​ផ្តាំផ្ញើរសាកសួរ​សុខទុក្ខពីសំណាក់​សម្តេចកិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​ សម្តេចតែងតែយក​ចិត្តទុកដាក់ គិតគូរពី​សុខមាលភាពប្រជាពលរដ្ឋ​ទូទៅ ដោយមិន​ប្រកាន់និន្នាការ​នយោបាយអ្វីឡើយ ​សម្ដេចក៏តែងតែ​មានការព្រួយបារម្មណ៍ ​ពីសុខទុក្ខប្រជាពលរដ្ឋ​គ្រប់កាលៈទេសៈ ជាពិសេសបងប្អូន​ដែលកំពុង​ទទួលរងគ្រោះថ្នាក់​ដោយគ្រោះធម្មជាតិ ​ដែលបំផ្លាញនូវទ្រព្យសម្បត្តិ ​និងផលដំណាំ។

សម្ភារៈផ្តល់ជូនរួម​មាន៖ អង្ករ ២៥គ.ក មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង និងអាវ ២) និងថវិកាចំនួន ១០០,០០០រៀល។

ដោយឡែក ​ឯកឧត្តម ជា សុមេធី​ ប្រធានគណៈកម្មាធិការសាខា​ខេត្ត និងលោកជំទាវ ​បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម​ចំនួន ៥០,០០០រៀល ក្នុង ១គ្រួសារ។

 

កម្មវិធីប្រគល់ជ័យលាភីគំនូរ ស្តីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍នៅខេត្តពោធិ៍សាត់

សាខាកក្រកខេត្តពោធិ៍សាត់​៖នៅថ្ងៃព្រហស្បតិ៍​ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ​ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ គម្រោង​យុវជនកាកបាទក្រហមកម្ពុជា​ និងសុវត្ថិភាពចរាចរណ៍ ​កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល ​បានសហការជាមួយសាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ​រៀបចំកម្មវិធីប្រគល់ជ័យលាភីគំនូរ​ ស្តីពី ពិការភាពក្នុងការងារ​សុវត្ថិភាពចរាចរណ៍ ក្រោម​អធិបតីភាពរបស់ ​ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ​ខេត្តពោធិ៍សាត់ និងមាន​ការអញ្ជើញចូលរួម ពីឧត្តមសេនីត្រី ​ឱ ហ៊ាង ស្នងការរងនគរបាលចរាចរណ៍​ខេត្តពោធិ៍សាត់ អនុប្រធានមន្ទីរ​សង្គមកិច្ច អនុប្រធានមន្ទីរ​សាធារណការនិងដឹកជញ្ជូន ​អនុប្រធានមន្ទីរសុខាភិបាល​ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មកពីវិទ្យាល័យពោធិ៍សាត់ ​វិទ្យាល័យទាចំរ៉ាត់ និងអនុវទ្យាល័យ​ពោធិ៍សាត់ សរុប ១៧០២នាក់ ស្រី៨៨៩នាក់។

កម្មវិធីនេះ ក្នុងគោលបំណង​ផ្តល់ចំណេះដឹង​ សិស្សានុសិស្ស យុវជនពិការ និង​លោកគ្រូអ្នកគ្រូ អំពីការលើកកម្ពស់ការដាក់បញ្ចូលពិការភាព​ក្នុងការងារសុវត្ថិភាព​ចរាចរណ៍ និងសង្គម។ ពង្រឹងការ​អភិវឌ្ឍសមត្ថភាពយុវជន ជនពិការ តាមរយៈ​គំនិតផ្ដួចផ្ដើម និងការច្នៃប្រឌិត ​ភាពប៉ិនប្រសព្វ គូរជាសកម្មភាព​របស់ជនពិការកំពុងធ្វើសកម្មភាព​អប់រំផ្សព្វផ្សាយ​សុវត្ថិភាពចរាចរណ៍ ច្បាប់ចរាចរណ៍ សិទ្ធិជ​នពិការ តាមសហគមន៍ និងសាលារៀន ដើម្បីចូលរួម​ចំណែកផ្តល់ចំណេះដឹង​ដល់ប្រជាពលរដ្ឋឱ្យយល់​ដឹងពីច្បាប់ចរាចរណ៍​ និងបង្កាខ្លួនពីការស្លាប់ របួស និងពិការដោយសារ​គ្រោះថ្នាក់ចរាចរណ៍ និងស្តារលទ្ធភាព​ពលកម្មរបស់ជនពិការក្នុងការងារសង្គម។

គណៈកម្មកាដាក់ពិន្ទុបាន​ពិនិត្យយ៉ាងល្អិតល្អន់ ត្រឹមត្រូវ ​និងយុទ្ធិធម៌ ជាលទ្ធផល ​គណៈកម្មការសម្រេចផ្តល់រង្វាន់ជ័យលាភីចំនួន៣នាក់ មានដូចជា ៖
-ជ័យលាភីលេខ១៖ ប្អូនប្រុស ហៃ ប៊ុនថង ថ្នាក់ទី១០នៃ វិទ្យាល័យពោធិ៍សាត់
-ជ័យលាភីលេខ២៖ ប្អូនប្រុស ផាត់ សុខលៀង ថ្នាក់ទី១០ នៃវិទ្យាល័យពោធិ៍សាត់
-ជ័យលាភីលេខ៣៖ ប្អូនស្រី ចាន់ លាង ថ្នាក់ទី១១ នៃវិទ្យាល័យពោធិ៍សាត់ និងរង្វាន់លើកទឹកចិត្ត៩នាក់។

សូមបញ្ជាក់ដែរថា៖ កម្មវិធីនេះទទួល​បានគំនូរចំនួន១៧០ផ្ទាំង៕

សាខាកាកបាទកម្ពុជាខេត្តក្រចេះ ចូលរួម ធ្វើយុទ្ធនាការបាញ់ថ្នាំកម្ចាត់មូសខ្លា នៅក្នុងសង្កាត់រកាកណ្ដាល ក្រុងចេះ ខេត្តក្រចេះ។

សាខាកក្រកខេត្តក្រចេះ​៖ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០១៩ ​នេះ លោក ថោង វីរ៉ាដា​ នាយកប្រតិបត្តិ​សាខាកាកបាទកម្ពុជា​ខេត្តក្រចេះ បានដឹកនាំមន្រ្តីសាខា ​អ្នកស្មគ្រ័ចិត្ត និង​យុវជនកាកបាទ​ក្រហមកម្ពុជា ​សហការជាមួយ​មន្ទីរសុខាភិបាល​ខេត្តក្រចេះ ដោយបានការ​អញ្ជើញចូលរួម​ពីសំណាក់លោកវេជ្ជ.ងី ប៊ុនឡែន ​អនុប្រធានមន្ទីរ ​បានចុះធ្វើយុទ្ធនា​ការបាញ់ថ្នាំកម្ចាត់មូសខ្លា ​នៅក្នុងសង្កាត់​រកាកណ្ដាល ក្រុងចេះ ខេត្តក្រចេះ។

យុទ្ធនាការនេះធ្វើឡើង​ក្នុងគោលបំណង​ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម​ ដែលអាចឆ្លង​តាមរយៈនៃមូសខ្លាខាំ ហើយយុទ្ធនាកា​នេះត្រូវបានធ្វើឡើងជា​ក្រុមដើម្បីផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋឱ្យយល់ដឹងដូចជា៖

១. សូមចូលរួមកំចាត់ដង្កូវ​ទឹកមូសខ្លា និងធានាថា​ មិនមានដង្កូវទឹក​ នៅក្នុងបរិវេណផ្ទះសំបែង​ តាមរយៈការកម្ទេចចោល និង​លុបបំបាត់ចោល​ នូវរាល់វត្ថុដក់ទឹក ​ដែលមិនប្រើប្រាស់ ​ដូចជា សំបកកង់ឡាន ​កង់ម៉ូតូ សំបកកំប៉ុង ធុង ​ក្រឡ ពាង អាង ដែល​មិនប្រើប្រាស់ សំបកដប​ សំបកដូង និងវត្ថុ​អាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេណ​ផ្ទះរបស់លោកអ្នក ​ត្រូវលាងសម្អាតសម្ភារៈ ​ឬវត្ថុប្រើប្រាស់ផ្សេងៗ​ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍​ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌​ ឬគ្របឲ្យបានត្រឹមត្រូវ​នូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២. ត្រូវកំចាត់សត្វមូសខ្លា ​តាមរយៈរៀបចំសម្ភារៈ​ ក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់​ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ​ លុបបំបាត់កំប៉ូត​ព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួម​សហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមាន​ការបាញ់ថ្នាំសម្លាប់មូស។

៣. ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញី​ខាំតាមរយៈ ការដេក​ក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់​ខោអាវវែង មិនត្រូវអង្គុយ ឬសំរាក​នៅកន្លែងដែលមិន​មានពន្លឺគ្រប់គ្រាន់នោះទេ។

៤. ត្រូវរូសរាន់ស្វែងរក ​សេវាថែទាំសុខភាព ដែលនៅជិតអ្ន​កបំផុត ដូចជា មណ្ឌល​សុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណា​ម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ​ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់​បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ​ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួល​ក្រហមជាដើម។

បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋានជូនដល់មន្ដ្រីសង្កាត់ នៅរាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​ ០៤​ ខែ​ កក្កដា ឆ្នាំ​ ២០១៩​នេះ​​ នៅទីស្នាក់ការសាខាកាកបាទ​ក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានបើក​វគ្គបណ្តុះបណ្តាល​វិជ្ជាសង្គ្រោះបឋម​មូលដ្ឋានជូន​ដល់មន្ដ្រីសង្កាត់ ប្រធា​ន អនុប្រធានភូមិ សមាជិកភូមិ ប្រជាការពារសរុបចំនួន៣៩នាក់ (ស្រី១៦នាក់)​​ មកពីសង្កាត់ចំនួន៣​ ក្នុងខណ្ឌបឹងកេងកង​ និងខណ្ឌដូនពេញ​ ក្រោមអធិបតីភាព​ លោក​វេជ្ជបណ្ឌិត ងី មានហេង ​អនុប្រធានគណៈកម្មាធិការ​សាខា​ ។ ដែលវគ្គបណ្តុះបណ្តាលនេះក្រោមកិច្ច​សហការរវាង​សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងអង្គការ​ទស្សនៈពិភពលោក (World Vision Organization) ក្នុងគម្រោងគ្រប់​គ្រងគ្រោះមហន្ដរាយ​ ។

វគ្គបណ្ដុះបណ្ដាលនេះគឺ​ធ្វើឡើងក្នុងគោលបំណង​ផ្ដល់ចំណេះដឹង និងបង្កើនសមត្ថភាព​ដល់ក្រុមការងារ​នៅថ្នាក់មូលដ្ឋានរួមមាន​មន្ដ្រីសង្កាត់ ប្រធាន អនុប្រធានភូមិ​ សមាជិកភូមិ ប្រជាការពារ​ ឲ្យមានលទ្ធភាពជួយជាលក្ខណៈ​បឋមទៅស្ថានភាព​គ្រោះថ្នាក់គ្រាអាសន្ន ​ឬគ្រោះធម្មជាតិនៅក្នុង​សហគមន៍ដែលខ្លួន​កំពុងរស់នៅ​ ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅ ស្រុកចំនួន៣នៃខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត​ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ​ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៩ ក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំ​ដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការ​សាខា បាននាំយកអំណោយ​មនុស្សធម៌ របស់សាខា​ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះ​ដោយសារខ្យល់កន្ត្រាក់​កាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៩ ចំនួន ​៣៧ ខ្នង ក្នុងនោះរងគ្រោះធ្ងន់ ១៤ ខ្នង មធ្យម​ ១៥ ខ្នង និងខូចខាត​ស្រាល ៨ ខ្នង នៅឃុំខ្សែត្រ​ ស្វាយតាយាន និងឃុំសំឡី ស្រុកកំពង់រោទិ៍ នៅឃុំមេសថ្ងក​ និងឃុំច្រេស ស្រុកចន្ទ្រា ដោយឡែក​នៅឃុំកំពង់ចំឡង ​ស្រុកស្វាយជ្រំ ឃុំធ្មាស្រុករំដួល និងនៅ​សង្កាត់ប្រាសាទ​ក្រុងបាវិត​អនុសាខាជាអ្នកយក​អំណោយទៅចែកជូនផ្ទាល់ ។ 


នាឱកាសនោះ លោកជំទាវ ​ពៅ សុភាព តំណាងឯកឧត្តម ម៉ែន វិបុល​ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរ​សាកសួរសុខទុក្ខពីសំណាក់​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ​ដែលជានិច្ចកាលសម្តេច​តែងតែយកចិត្តទុកដាក់​ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់​និន្នាការនយោបាយអ្វីឡើយ ។

លោកជំទាវបាន​អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់មានការ​ប្រុងប្រយ័ត្នចំពោះបាតុភូត​គ្រោះធម្មជាតិផ្សេងៗ ដែល​កើតឡើងជាយថាហេតុ ហើយខណៈដែលមានភ្លៀងខ្យល់កន្ត្រាក់​ ត្រូវរកកន្លែងដែលមាន​សុវត្ថិភាព ដើម្បីបញ្ជៀស​នូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ​ដូចជាផ្ទះសម្បែង​ជាដើម ហើយត្រូវមើល​ថែរកូន ចៅតូចៗ កុំឲ្យ​លេងទឹកព្រោះ​អាចបង្ករឲ្យមានគ្រោះថ្នាក់ដោយ​សារលង់ទឹក ត្រូវសម្អាតបរិស្ថាន​ជុំវិញផ្ទះ និកន្លែងដែលជា​ជម្រកមុសខ្លា គេងក្នុងមុងដើម្បីការពារជម្ងឺគ្រុនឈាម​ហើយរដូវវស្សាហ៍​បានមកដល់ សូមប្រជាពលរដ្ឋ​ត្រូវត្រៀមឧបករណ៍​សម្រាប់ធ្វើស្រែចំការឲ្យបានគ្រប់គ្រាន់ ​ជាពិសេសត្រូវដាំបន្លែ​រួមផ្សំបន្ថែមទៀត ដើម្បីលើកស្ទួយ​ជីវភាពបានមួយ​កម្រិត ។ 
អំណោយដែលបាន​ចែកជូនចំនួន ៣៧ គ្រួសារ ៖ សម្រាប់គ្រួសារ​រងគ្រោះធ្ងន់ធ្ងរ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ គ្រួសាររងគ្រោះមធ្យម ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និង សម្រាប់​គ្រួសាររងគ្រោះស្រាល ​ទទួលបានថវិកា ៥០,០០០ រៀល សម្រាប់​ទិញសម្ភារជួសជុល​ផ្ទះឡើងវិញ ៕ ដោយឡែកគ្រួសារ​រងគ្រោះដែលទើបសម្រា​លកូនចំនួន ៣ គ្រួសារទទួល​បានបន្ថែមក្នុង ១ គ្រួសារ ឃីត​មួយកញ្ចប់ (ភួយ ១ មុង ១ ក្រមា ១ សារុង ១) ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២ គ.ក្រ កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនក្មេង ១ ដប ម្សៅកូនក្មេង ១ ដប មួក ១ អាវ ២ ស្រោមដៃ ស្រោមជើង ១ កំប្លេ និងក្រណាត់ត្រីកោណ ១ ដុំ ។

វគ្គផ្សព្វផ្សាយជាមូលដ្ឋានស្ដីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ និង ច្បាប់មនុស្សធម៌អន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាជាតិ

កក្រក ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ២០១៩នេះ ​កណ្ដាល​កាកបាទក្រហមកម្ពុជា​ បានចុះធ្វើការផ្សព្វផ្សាយ​ជាមូលដ្ឋានស្ដីពី​គោលការណ៍គ្រឹះ​របស់ចលនាអន្តរជាតិ​ កាកបាទក្រហមកម្ពុជា ​និងអឌ្ឍចន្ទក្រហម ​ច្បាប់មនុស្សធម៌អន្តរជាតិ​ ជូនដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាជាតិ ​ដែលមានការចូលរួម​ពីលោកគ្រូទីប្រឹក្សាយុវជន ​យុវជនកាកបាទក្រហម​កម្ពុជា ក្រុមការងារ​ផ្សព្វផ្សាយទីស្នាក់ការ​កណ្ដាលកាកបាទក្រហម​កម្ពុជា និងនិស្សិត​ចូលរួមសរុបចំនួន ៥៣នាក់ ដែលធ្វើឡើង​នៅសាលប្រជុំនៃ​សាកលវិទ្យាល័យ​បញ្ញាជាតិ។

ការផ្សព្វផ្សាយនេះ ​ប្រព្រឹត្តទៅនៅក្នុងគោលបំណង ​ដើម្បីឲ្យនិស្សិតមាន​ការយល់ដឹងអំពីប្រវត្តិ​របស់ចលនាកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម​ សមិទ្ធផល​របស់កាកបាទក្រហម​កម្ពុជា និងផ្សព្វផ្សាយ​បន្តទៅកាន់ទីសាធារណៈ សាលារៀន​ និងសហគមន៍​ផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចូលរួមរំលែកទុក្ខ គ្រួសារសពទុរគតជនចំនួន ២គ្រួសារ ស្ថិតនៅឃុំចំនួន២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សាខាកក្រកខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ​ ២កើត ខែអាសាឍ ​ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ​ឆ្នាំ២០១៩នេះ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ​ដឹកនាំដោយលោក​ ម៉ែន សូផាត សមាជិក​គណៈកម្មាធិការសាខា ​និងសហការី បាន​ចូលរួមរំលែកទុក្ខ​យ៉ាងក្រៀមក្រំជាមួយ​គ្រួសារសព​ទុរគតជនចំនួន ២គ្រួសារ ស្ថិតនៅឃុំ​ចំនួន២ ស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ ​លោក ម៉ែន សូផាត បានសម្ដែង​នូវការសោកស្ដាយ​ចំពោះការបាត់បង់​មនុស្សជាទីស្រឡាញ់ និងសូមបួងសួង​ដល់វិញ្ញាណក្ខន្ធ​នៃសព បានទៅកាន់​សុគតិភព ​កុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារចូលរួម​បុណ្យសពមួយមាន ៖ អង្ករ ៥០គីឡូ មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ និងថវិការមួយ​ចំនួនផងដែរ៕

 

First Prev 7 8 9 10 11 Next Last